(ភ្នំពេញ)៖ ស៊ីន យូប៊ីន បានក្លាយជាតារាស្រីមួយដួង ដែលមានភាពលេចធ្លោរខ្លាំងនាពេលបច្ចុប្បន្ននេះ តាមរយៈការសម្តែងខ្សែភាពយន្តល្បី ថតស្ពតពាណិជ្ជកម្ម និងការចូលរួមក្នុងកម្មវិធីសិល្បៈតូចធំ ក៏ដូចជាការតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីផ្សេងៗនៅក្រៅប្រទេសជាដើម។ តាមរយៈប្រជាប្រិយភាពនេះ បានធ្វើឱ្យនាងមានឱកាសស្គាល់តារាក្រៅស្រុកជាច្រើន តាមរយៈមានទំនាក់ទំនងល្អជាមួយគ្នា ខណៈថ្មីៗនេះបានសម្តែងនូវអារម្មណ៍រំភើបជាខ្លាំង ដោយមានកិត្តិយសត្រូវបានសេដ្ឋីនីនៅប្រទេសថៃ លោកជំទាវ Barbie Thailand អញ្ជើញឱ្យចូលរួមក្នុងថ្ងៃខួបកំណើត។
ជាក់ស្តែង តាមរយៈផេកផ្លូវការរបស់តារាស្រីជួរមុខ ស៊ីន យូប៊ីន បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកក្នុងពិធីនោះ ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយស អញ្ជើញនាងខ្ញុំចូលរួមក្នុងពិធីខួបកំណើតចម្រើនជន្មាយុ នៃលោកជំទាវសុមៈនី ឃុនណៈក្សេម សេដ្ឋីនីនៃប្រទេសថៃ (billionaire of Thailand) រហស្សនាម (Barbie Thailand)។ សូមគោរពជូនពរ លោកស្រីប្រកបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ងាកមកទស្សនិកជនវិញ បានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ដោយធ្វើការចែកចាយរូបភាពទាំងនេះពេញបណ្តាញសង្គម ភ្ជាប់ជាមួយនឹងការកោតសរសើរកញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែជាតារាល្បីនៅស្រុកខ្មែរ មានសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានប្រជាប្រិយភាពដល់ប្រទេសថៃទៀតផង។ ជានិច្ចកាលទស្សនិជនតែងតែឃើញតារាស្រីរូបនេះ ចូលរួមកម្មវិធីសិល្បៈនានាក្នុងប្រទេសថៃ ក្នុងនាមតំណាងឱ្យកម្ពុជា តាមរយៈយកឈុតប្រពៃណីទៅបង្ហាញជាដើម៕