ភ្នំពេញៈ អតីតបវកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨កញ្ញា រឿន ណាត កាន់តែមានភាពលេចធ្លោរនៅក្នុងសិល្បៈនៃការសម្តែងតាមរយៈរឿងអប់រំខ្លីរឿង «រឹងមាំ» កាលពីពេលកន្លងទៅនេះ ដោយមានការលើកសរសើរពីសមត្ថភាពក្នុងការសម្តែងរបស់តារាស្រីរូបនេះ ថែមទាំងថ្មីៗនេះកញ្ញា រឿន ណាត បានបង្ហោះរូបភាពផ្អែមល្ហែមជាតារាចម្រៀងប្រុសក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ សម្តែង MV របស់បទចម្រៀងតារាចម្រៀងប្រុសល្បីឈ្មោះរូបនេះផងដែរ។
ស្រីស្អាតឆ្នាំ២០១៨ កញ្ញា រឿន ណាត ដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំបានចូលសិល្បៈដំបូងតាមរយៈការប្រលងបវកញ្ញាចក្កវាឡឆ្នាំ២០១៨ ដែលគោលបំណងដំបូងមិន ដែលមិនមានគម្រោងចូលប្រលូកក្នុងសិល្បៈពេញលេញបែបហ្នឹងទេ គ្រាន់តែចង់ធ្វើជាបវកញ្ញាម្នាក់ ជាស្ត្រីខ្មែរម្នាក់ដែលចូលខ្លួនមកប្រកួតទាំងក្នុងស្រុកនឹងក្រៅស្រុកតែប៉ុន្នឹងទេ ប៉ុន្តែដោយសារតែអ្នកគាំទ្ររបស់ខ្ញុំគាត់ចង់ឃើញស្នាដៃក្នុងការសម្តែងរបស់ខ្ញុំទើបខ្ញុំសម្រេចចិត្តចូលសម្តែងតែម្តងទៅ»។ បច្ចុប្បន្ននេះតារាសម្តែងស្រី ក៏ដូចជាតារាម៉ូដែលកញ្ញា រឿន ណាត កំពុងមានភាពមមារញឹកខ្លាំង ក្នុងការដើរបង្ហាញម៉ូដ ការថតផ្សព្វផ្សាយពាណិជ្ជកម្ម និងថតរូបដាក់ក្នុងទស្សនាវដ្តីផងដែរ។
តារាស្រីដែលកំពុងមានភាពលេចធ្លោររូបនេះបានបន្តពីការចាប់ផ្តើមសម្តែងទៀតថា៖«ខ្ញុំទើបតែបានទទួលការសម្តែងនៅក្នុងរឿង«រឹងមាំ» ដែលបានចាក់បញ្ចាំងរួចហើយ ចំណែងរឿងក្រោយទៀតជារឿងភាគ ប៉ុន្តែចាប់ពីខែឧសភា ទៅទើបខ្ញុំចាប់ផ្តើមថត ហើយចំពោះ MV ខ្ញុំទើបតែបានសម្តែងជាមួយបង ឆន សុវណ្ណារាជ កាលពីពេលថ្មីៗនេះទេ និយាយរួមទៅការងារនៅក្នុងសិល្បៈខ្ញុំទទួលទាំងអស់ ប៉ុន្តែលុះត្រាតែខ្ញុំបានហ្វឹកហាត់ឲ្យបានចេះសិនទើបខ្ញុំទទួល ព្រោះខ្ញុំចង់បានគុណភាពការងាររបស់ខ្ញុំច្រើនជាងលុយ»។
កញ្ញា រឿន ណាត អតីតបវកញ្ញាចក្កវាឡបានបរិយាយបន្ថែមទៀតថា៖ «ចំពោះវិស័យចម្រៀងខ្ញុំទៅអត់រួចទេ ខ្ញុំគិតថាសំលេងខ្ញុំអត់ពិរោះ ប៉ុន្តែនៅពេលនេះខ្ញុំកំពុងតែហាត់សមធ្វើជាពិធីការិនី ដោយសារមួយរយៈមុនមានខាងទូរទស្សន៍គាត់ទាក់ទងមកចង់ឲ្យធ្វើជាពិធីការិនី ហើយខ្ញុំក៏មិនប្រាកដលើខ្លួនឯងទើបបដិសេធសិន»៕