យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី២១ មេសា ២០១៩ ម្សិលមិញនេះ ក្រោយពីបានចុះពិនិត្យទីតាំងរៀបចំកម្មវិធី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរត់ហាត់ប្រាណ តាមបណ្តោយផ្លូវជាតិលេខ០៥ (ផ្លូវអាស៊ានហាយវេលេខ០១) ក្រុងប៉ោយប៉ែត ក៏ដូចជាដេីម្បីពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធច្រកសេដ្ឋកិច្ច ដ៏មានសក្តានុពលមួយ របស់កម្ពុជា ដែលតភ្ជាប់ការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅមក រវាងកម្ពុជា-ថៃ។
គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី២២ មេសា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងអញ្ជេីញជាអធិបតីរួមគ្នាក្នុងកម្មវិធីដែលមានរបៀបវារ: សំខាន់ៗដូចខាងក្រោម៖
១- ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)
២- ពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងតភ្ជាប់ទៅផ្លូវជាតិលេខ០៥
៣- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាលថៃជូនរាជរដ្ឋាភិបាលកម្ពុជា
៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វេីដំណេីរតាមរថភ្លេីង រួមគ្នាពីស្ថានីយបានខ្លងលឹកប្រទេសថៃ មក ស្ថានីយប៉ោយប៉ែត។