• អ្នកលួចថតរឿង «ជួបស៊យ២» យក​ទៅ​បង្ហោះ​ពេញ​បណ្តាញ​សង្គម នឹងត្រូវសមាគម​ភាពយន្ត​កម្ពុជា យកទៅប្តឹងតាមផ្លូវច្បាប់ហើយ

    ភ្នំពេញ)៖ ថ្មីៗនេះ មានការចាប់អារម្មណ៍ និងផ្ទុះការមិនពេញចិត្តពេញបណ្តាញហ្វេសប៊ុក ក៏ដូចជាក្នុងបណ្តាញយូធូប ក្រោយខ្សែភាពយន្តខ្មែរដែលមានចំណងជើងថា «ជួបស៊យ» វគ្គ២ ដែលកំពុងដាក់បញ្ចាំងក្នុងរោងកុន ត្រូវបានជនទុ្ចរិតលួចថត យកទៅចែកចាយជាសាធារណៈពេញបណ្តាញយូធូប ដែលសកម្មភាពនេះ គឺមិនត្រឹមតែមិនឱ្យតម្លៃភាពយន្តខ្មែរនោះទេ ថែមទាំងជាទង្វើខុសច្បាប់ផងដែរ។ ដោយឃើញបែបនេះ សមាគមភាពយន្តកម្ពុជា បានប្រកាសថា លែងទទួលពាក្យ «សុំទោស» ឆ្លើយថាមិនដឹងទៀតហើយ អ្នកប្រព្រឹត្តខុសនឹងត្រូវ ទទួលទោសចំពោះមុខច្បាប់។

    ជាក់ស្តែង បើយោងតាមផេកផ្លូវការរបស់ សមាគមភាពយន្តកម្ពុជា ដែលមានលោក ព្រំ សិលា ជាប្រធានបានបង្ហោះសារយ៉ាងដូច្នេះថា «សមាគមភាពយន្តកម្ពុជា សូមផ្តន្ទាទោសចំពោះការលួច ថតចម្លងរាល់កម្មសិទ្ធិបញ្ញាទាំងឡាយ រាល់ស្នាដៃទាំងឡាយតែងមានម្ចាស់កម្មសិទ្ធិ ជនទាំងឡាយណា ដែលលួចចម្លងកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាតិ ជននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ចាប់ពីថ្ងៃនេះទៅយើងខ្ញុំលែងទទួលពាក្យ «សុំទោស» ឆ្លើយថាមិនដឹងទៀតហើយ អ្នកប្រព្រឹត្តខុសនឹងត្រូវ ទទួលទោសចំពោះមុខច្បាប់»។

    សមាគមភាពយន្តកម្ពុជាបន្តថា «រួមគ្នាកម្ចាត់ក្រុមលួចចម្លង ដើម្បីឱ្យវិស័យសិល្បៈភាពយន្តជាតិយើងរីកចម្រើន។ យើងខ្ញុំនឹងរៀបចំរបាយការណ៍ដាក់ជូនក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ ឆ្នាំថ្មីហើយ សូមធ្វើអ្វីដែលល្អ ផ្តល់តម្លៃដើម្បីជាតិ នោះទើបជិវិតមានន័យស្រស់ថ្លា»។

    ការចេញមុខប្រកាសជំហរបែបនេះ ពីសំណាក់សមាគមភាពយន្តកម្ពុជា បន្ទាប់ពីខ្សែភាពយន្ត «ជួបស៊យ» វគ្គ២ ត្រូវបានគេលួចថត យកទៅបង្ហោះពេញបណ្តាញសង្គមយូធូប ដោយគ្មានការអនុញ្ញាត ខណៈប្រការនេះគឺផ្ទុយពីច្បាស់កម្មសិទ្ធិបញ្ញាទាំងស្រុង។ លើសពីនេះក៏ផ្ទុះការមិនចិត្តជាច្រើន ពីសំណាក់មហាជនទូទៅផងដែរ ចំពោះទង្វើរលួចថតក្នុងរោងកុនបែបនេះ ព្រោះប្រៀបបាននឹងការមិនឱ្យតម្លៃស្នាដៃភាពយន្តខ្មែរ ដែលខិតខំផលិតឡើងយ៉ាងលំបាក។ យ៉ាងណាមិញ សម្រាប់វិធានការបន្តយ៉ាងណាទៀតនោះ យើងនឹងជម្រាបជូននៅពេលក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ