ក្រោយចេញផ្សាយ PlayStation 4 Slim និង PlayStation 4 Pro នៅឆ្នាំ ២០១៦ កន្លងទៅជិត ៣ ឆ្នាំមកនេះ Sony ពុំទាន់បន្តប្រកាសនូវម៉ាស៊ីនហ្គេមម៉ូឌែលថ្មីណាមួយទៀតនោះទេ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៩ ក៏មានដំណឹងល្ហិចល្ហៀងថាជំនាន់ PS5 អាចនឹងឈានចូលមកដល់ ហើយដាក់លក់ក្នុងឆ្នាំ ២០២០។
របាយការណ៍នេះបង្ហោះផ្សាយដោយ Developer ចែកចាយលើគេហទំព័រ Pastebin ដោយបង្ហើបថា PlayStation 5 ទំនងជាប្រកាសជាផ្លូវការនាខែមិថុនា ហើយដាក់លក់ក្នុងអំឡុងខែមិនាឆ្នាំ ២០២០។ ជាងនេះទៅទៀតវាមានតម្លៃ ៤៩៩ ដុល្លារ ខ្ពស់ជាងជំនាន់មុនកាលចេញដំបូង ១០០ ដុល្លារ តែតម្លៃនេះគឺស្មើទៅនឹងម៉ាស៊ីន Xbox One X អ៊ីចឹងដែរ។
ចំពោះមុខងារពិសេសៗប្រភពបង្ហើបថា PS5 នឹងមានមុខងារឲ្យឈ្មោះ Backward Compatible ដែលអាចគាំទ្រការលេងហ្គេមនៃឌីសចាស់ៗតាំងពីសេរ៊ី PS/PS2/PS3 ឬ PS4 បន្សំការចេញផ្សាយសេវាកម្មថ្មី PS Plus។ មានទំហំផ្ទុក 2TB គាំទ្រការបង្ហាញដល់កម្រិត 8K ជាមួយដំណើរការនៃឧបករណ៍ PlayStation VR និងដៃហ្គេម DualShock 5 Controller៕