• ផ្ទុះភ្នំភ្លើងនៅខេត្ត Kumamoto ភាគនិរតីប្រទេសជប៉ុន

    (តូក្យូ)៖ នាវេលាម៉ោង ៦៖២៨នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅតូក្យូ) មានករណីផ្ទុះភ្នំភ្លើងបានកើតមានឡើងនៅក្នុងខេត្ត Kumamoto នៃភាគនិរតីប្រទេសជប៉ុន ប៉ុន្តែស្ថិតនៅក្នុងកម្រិតមធ្យមប៉ុណ្ណោះ ខណៈពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ថា អាចមានជនរងគ្រោះ ឬក៏អត់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។

    ភ្នំភ្លើងដែលបានផ្ទុះជះកម្អែលផេះឡើងលើអាកាសនេះ គឺជារណ្តៅមួយមានឈ្មោះថា Nakadake ស្ថិតនៅក្នុងតំបន់ភ្នំភ្លើង Aso ដែលបានចាប់ផ្តើមការផ្ទុះយ៉ាងសកម្មជាបន្តបន្ទាប់ តាំងតែពីខែតុលា ឆ្នាំ២០១៦ មកម្ល៉េះ។ បើតាមទីភ្នាក់ងារតាមដានគ្រោះធម្មជាតិជប៉ុន កម្អែលផេះភ្នំភ្លើងបានកញ្ជ្រោលឡើងដល់លើមេឃ ក្នុងរយៈកម្ពស់ ២០០ម៉ែត្រផងដែរ។

    គួរបញ្ជាក់ថា អាជ្ញាធរជប៉ុនបានបង្កើនការប្រកាសអាសន្នដល់កម្រិតទី ២ (កម្រិតខ្ពស់បំផុត៥) តាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះមកម្ល៉េះ ដោយវាជាសញ្ញាព្រមានទុកជាមុនថា ភ្នំភ្លើងនេះអាចនឹងផ្ទុះបានគ្រប់ពេលវេលា ប៉ុន្តែស្ថិតនៅក្នុងកម្រិតមធ្យម ឬស្រាលប៉ុណ្ណោះ ខណៈវាធ្លាប់បានបង្ហាញសញ្ញាមិនស្រួលខ្លាំង កាលពីកំឡុងចុងខែកុម្ភៈ ដល់ពាក់កណ្តាលខែមីនា។

    បន្ថែមពីខាងលើនេះ អាជ្ញាធរជប៉ុនបានធ្វើការហាមឃាត់មិនឲ្យប្រជាជន ឬអ្នកទេសចរនានា ធ្វើដំណើរទៅតំបន់រង្វង់ ១គីឡូម៉ែត្រព័ទ្ធជុំវិញតំបន់ភ្នំភ្លើង Aso នោះផងដែរ ព្រោះបើមានករណីផ្ទុះកើតឡើង ទោះបីធ្ងន់ ឬស្រាល នោះវានឹងបង្កឲ្យមានដុំថ្មខ្ទាត និងធ្លាក់រាយប៉ាយមកលើដីវិញនៅជុំវិញមាត់ភ្នំភ្លើងជាមិនខាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ