ភ្នំពេញៈ តារាចម្រៀង Original Song សម្បូរស្រអែម និងជាតារាសម្តែងកញ្ញា ឌី សូនីតា កំពុងតែកក់កបខ្លាំងនៅក្នុងវិស័យសិល្បៈ គេតែងតែឃើញតារាស្រីរូបនេះ បង្ហាញពីមុខរបរថ្មីៗជានិច្ចដូចជាការលក់ផលិតផលតាមបណ្តាញសង្គម នាំចូលផលិតផលមកពីប្រទេសបារាំងមានកាបូប ស្បែកជើង និងផលិតផលជាច្រើនទៀត នៅពេលថ្មីៗនេះកញ្ញា ឌី សូនីតា បង្ហាញនៅក្នុងបណ្តាញសង្គមថានឹងទទួលរៀបចំក្នុងកម្មវិធីផ្សេងៗទៀតផង។
តារាស្រីមានពហុជំនាញទាំងវ័យក្មេង ដែលមហាជនបានដឹងថាមានជំនួញខាងអចលនទ្រព្យដែរនោះបានផ្តល់បទសម្ភាស៍ទាក់ទងជាមួយមុខរបរថ្មីនេះថា៖«តាមពិតទៅការងារនេះ(ទទួលរៀបចំក្នុងកម្មវិធី)តាំងពីឆ្នាំ២០១៨ តែបងអត់ដែលចេញមុខទេ ដោយបោះទៅឲ្យមិត្តភក្តិបងបន្តទៀតនៅពេលមានភ្ញៀវទាក់ទងមក លុះត្រាកម្មវិធីធំៗបានបងទទួលចេញមុខ ទើបតែពេលនេះបងចង់ចាប់ផ្តើមធ្វើដោយខ្លួនឯងផ្ទាល់ទាំងអស់ ដោយសារបងមានក្រុមការងារគ្រប់គ្រាន់ហើយ»។
កញ្ញា ឌី សូនីតា តារារាងតូចច្រឡឹងបានបន្ថែមពីការទទួលរៀបចំកម្មវិធីផ្សេងៗទៀតថា៖«បងមានទទួលគ្រប់សេវាកម្មមានទាំងការតុបតែងដេគ័រមុខរោង ក្រុមតន្ត្រី និងមានទទួលម្ហូបអារហារផងដែរ និយាយរួមទៅមួយកំផ្លេរ តាមដែលភ្ញៀវគាត់ចង់បាន ប៉ុន្តែបើក្រុមតន្ត្រីមិនមានបងច្រៀងទេ បើសិនជាម្ចាស់កម្មវិធីចង់បានបងច្រៀងត្រូវគិតតម្លៃផ្សេងទៀត»។
ចំពោះមុខរបរថ្មីដែលទើបបង្ហាញជាសាធារណៈការទទួលរៀបចំកម្មវិធីនេះ កញ្ញា ឌីសូនី ក៏មានបង្ហើបថាមានការចូលរួមជាមួយដៃគូរដែលមានដំណឹងលេចលឺថាមានស្នេហាក្រៅឆាកលោក អេឡិច សូរ៉ា ដែរ ដោយតារាស្រីក្រមេចក្រមើមរូបនេះបានបញ្ជាក់ថា៖«ពេលដែលត្រូវរៀបចំកម្មវិធីនៅតាមខេត្តគឺយើងតម្រូវឲ្យបង សូរ៉ា ជាអ្នកទៅរៀបចំ ចំណែកនៅភ្នំពេញបងជាអ្នកចេញមុខ ប៉ុន្តែបើសិនជាកម្មវិធីធំក៏ត្រូវឲ្យគាត់(អេឡិច សូរ៉ា)មកជួយដែរ»។
ចំណែកឯការងារសិល្បៈវិញ កញ្ញា ឌី សូនីតា បានបង្ហើបថាខ្លួនពិតជាមានការរវល់ស្ទើរដកឃ្លាមិនរួចទាំងការថតផ្សព្វផ្សាយផលិតផល ចូលរួមក្នុងកម្មវិធីដូចជាការច្រៀងក្នុងពិធីការ និងការចេញបទចម្រៀងថ្មីៗជាច្រើនបទរួមទាំងការងារផ្ទាល់ខ្លួនជាច្រើនមុខទៀត។
តារាចម្រៀងស្រី ក៏ដូចជាតារាសម្តែងកញ្ញា ឌី សូនីតា ក៏បានបរិយាយពីគម្រោងក្នុងវិស័យសិល្បៈដូច្នេះថា៖«ក្នុងពេលខាងមុខនេះបងកំពុងត្រៀមថតបទចម្រៀងថ្មីដែលនិយាយពីជីវិតតស៊ូរបស់បងផ្ទាល់ ដើម្បីចែករំលែកឲ្យដល់ប្រជាពលរដ្ឋយើងបានដឹង ព្រោះថាជីវិតបងជួបការលំបាកច្រើនណាស់ ដែលបទចម្រៀងហ្នឹងមានរយៈពេល១០ទៅ១៥នាទី ហើយក៏បានត្រៀមចេញបទញាក់ផងដែរ ចំពោះកុនវិញសម្រាប់ឆ្នាំនេះបងសុំទទួលតែរឿងដុំទេ ដោយសារតែអត់មានពេលគ្រប់គ្រាន់សម្រាប់ទៅថតឲ្យពួកគាត់ ចឹងឆ្នាំក្រោយអីបានគិតរឿងភាគវិញ»៕