• ករណីបង្ក្រាបនៅក្លឹបម៉ៃអាមី ឃាត់ខ្លួនជាង៥០នាក់ និងធ្វើតេស្ដទឹកនោមរកឃើញអ្នកមានសារធាតុញៀនជាង៣០នាក់ ហើយកំពុងចាត់វិធានការតាមផ្លូវច្បាប់

    (ភ្នំពេញ)៖ មន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះថា ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅក្លឹបកម្សាន្ដម៉ៃអាមី គឺសមត្ថកិច្ចបានរកឃើញយុវជនដែលមានផ្ទុកសារធាតុញៀននោះ ចំនួន៣២នាក់។

    មន្ដ្រីនគរបាលដដែលរូបនេះ បានបន្ថែមទៀតថា យុវជនខ្លះមិនមានសារធាតុនោះឡើយ ប៉ុន្ដែពួកគេអាចនឹងមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពចែកចាយ និងជួញដូរគ្រឿងញៀន។

    យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការទៅផ្លូវច្បាប់។ ដោយឡែក ក្នុងប្រតិបត្តិការនេះ ក្រៅពីការឃាត់ខ្លួនយុវជនទាំងអស់នេះ សមត្ថកិច្ចក៏បានដកហូត ឧបករណ៍កែច្នៃក្នុងការផលិត និងជក់គ្រឿងញៀនមួយចំនួនផងដែរ។

    សូមជម្រាបថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានចុះប្រតិបត្តិការ បង្ក្រាបក្លិបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងថ្នាំញៀនមួយចំនួនផងដែរ។

    ក្លិបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង។

    មន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យុវជនដែលឃាត់ខ្លួនក្នុងក្លិបកម្សាន្ត «ម៉ៃអាមី» មានចំនួន៥០នាក់ ក្នុងនោះមានស្រី ១២នាក់ ដោយការសន្និដ្ឋានជាជំហ៊ានដំបូង មានពាក់ព័ន្ធនឹងគ្រឿងញៀនច្រើន ដោយរកឃើញប្រដាប់ជក់គ្រឿងញៀន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ