• តោះមកស្គាល់ពី លក្ខណៈប្លែក និងពិសេស របស់ប្រាសាទ «មេបុណ្យខាងលិច»

    ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទិ១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទិ២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។

    ប្រាសាទនេះមានលក្ខណៈប្លែក ពិសេស សំនង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំនង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។

    តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច។ យោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់ បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។

    បន្ទាប់មកមានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្ម ទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី[១]។ នៅក្នុងឆ្នាំ១៩៣៨នៅក្នុងបរិវេណប្រាសាទនេះត្រូវបានគេធ្វើកំណាយរកឃើញនូវរូបព្រះវិស្ណុផ្ទុំធំមួយ ធ្វើអំពីសំរិទ្ធិមួយកំណាត់ខ្លួន(ចាប់ពីដើមទ្រូងឡើងដល់ព្រះកេស)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ