ល្បី​តារាចម្រៀង​​កំពូលថោន ​មាស សុខសោភា​ ទៅ​រស់នៅ​កាណាដា​​តាម​ម្ចាស់បេះដូង​

ភ្នំពេញៈ នា​ពេល​រៀបចំ​​​ពិធី​ជប់​លៀង​ជួប​ជុំ​មិត្ត​អ្នក​សិល្បៈ​ និង​ឆ្លៀត​ឱកាស​ថ្លែងអំណរ​គុណ​ដល់​​​ប្រិយ​មិត្ត​​គាំទ្រ​ខ្លួន​​​រយៈ​ពេល​ជិត​ ២០​ ឆ្នាំ​​ ​ ហើយ​ខ្លួន​ក៏ជិត​ឃ្លាត​​ឆ្ងាយ​ពី​​ប្រទេស​​កំណើត​ប្រមាណ​​​​​កន្លះ​ឆ្នាំ​​​នោះ ស្រាប់​តែ​តារា​សម្តែងស្រី​កំពូល​​ទ្រនំ​ថោន​ អ្នកនាង មាស សុខសោភា លេច​​​ដំណឹង​​​​​ថា ​​​​នឹង​​ទៅ​រស់​នៅ​​​កាណា តាម​ម្ចាស់​ចិត្តអនាគត​​ស្វាមី​លោក អ៊ិត ដារា​។​

តែ​អ្នកនាង​​ មាស សុខសោភា​ បាន​បដិសេធ​​ថា៖ «អត់​មាន​រឿង​បែប​នោះ​ទេបង!​ តាម​ពិត ​ខ្ញុំ​គ្រាន់​តែ​ឃ្លាត​មួយ​រយៈ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​គឺ​​កាណាដា និង​សហ​រដ្ឋ​អាមេរិក​ ​ និង​​ឆ្លៀត​​ពេល​​សម្រាក​​លំហែ​​កាយ​ជួប​ជុំ​បង​ប្អូន និង​អ្នកម្តាយ​ខ្ញុំ ដែល​រស់​នៅ​អាមេរិក​ នា​ឱកាស​រដូវ​កាល​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​នេះ​​តែ​ប៉ុណ្ណោះ។ ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ខ្ញុំ​រវល់​នឹង​ការ​ងារ​សិល្បៈ​ច្រើន​​មិន​សូវ​មាន​ពេល​សម្រាក​ ហើយ​ក៏​មាន​អារម្មណ៍​ថា ណឿយ​ហត់​ដែរ​ ខណៈ​វ័យ​កាល​ខ្លួន​ក៏​កាន់​តែ​ចាស់​​បន្តិច​ដែរ​នោះ​ ទើប​ចង់​ប្រើ​ពេល​វេលា​សម្រាក​លំហែ​កាយ​ឲ្យ​បាន​ច្រើន​បន្តិច​ និង​បាន​ជួយ​ច្រៀង​បំពេ​អារម្មណ៍​ប្រិយ​មិត្ត បង​ប្អូន​នៅ​ប្រទេស​កាណាដា និង​អាមេរិក ក្នុង​ពេល​នេះ​តែ​ម្តង​ទៅ​ព្រោះ​ថា នាងខ្ញុំ​មក​ច្រៀងដោយ​ខ្លួន​ឯង​សុទ្ធ​សាធ​​តែ​ម្តង គឺ​មិន​មែន​តាម​រយៈ​​ស្ពន់ស័រ​ណាមួយ​នោះ​ឡើយ»។​

​ចម្រៀង​ស្រីសំឡេង​​ផ្អែម​ស្រទន់ និង​ជា​តារា​ចម្រៀង​តែង​រក្សា​បាន​​កំណត់ត្រា ​ជា​តារាច្រៀង​​តែ​បទ​​អូរីជណល់​រូប​នេះ​បន្ត​ឲ្យ​ដឹង​ថា៖ «យ៉ាង​យូរ​នោះ​គឺ​នាង​អាច​ឃ្លាត​ឆ្ងាយ​ពី​បង​ប្អូន​នៅ​ស្រុក​​ខ្មែរ​ប្រហែល​ជា​​ ៤-៥ ​ខែ​​ គឺ​ចាប់​ថ្ងៃ​ទី​ ២០ ខែ​​មេសា ឆ្នាំ​២០១៩​ នេះ​ទៅ​ ពោល​ក្រោយ​ចូល​ឆ្នាំ​ថ្មី​នៅ​ស្រុក​ខ្មែរ​ ទើប​នាង​​ខ្ញុំ​ចេញ​ដំណើរ​ពី​ស្រុក​ខ្មែរ​ ទៅ​ប្រទេស​កាណដា និង​អាមេរិក​។ ហើយ​រឿង​ថា ខ្ញុំ​ទៅ​រស់​នៅ​ប្រទេស​កា​ណាដា មិន​ពិត​នោះ​ទេ​ ព្រោះ​ខ្ញុំ​មិន​ចង់​ទៅ​រស់​នៅ​ក្រៅ​​ប្រទេស​កម្ពុជា​ឡើយ​ បើ​ទោះ​បីជា​មាន​សាច់ញាតិ​ បង​ប្អូន​ខ្លួន​រសន់​នៅ​ក្រៅ​ប្រទេស​ក្តី​»។​

នា​ពេល​កន្លង​មក​​តារាចម្រៀង​ស្រី​រូបនេះ អ្នកនាង មាស សុខសោភា ក៏​ធ្លាប់លាក់​នូវ​អាថ៌​កំបាំង​ផ្ទាល់​ខ្លួន​​យ៉ាង​ជិតឈឹង​ដល់​ទៅ ១០ ឆ្នាំ ទើប​បែក​ធ្លាយ​នោះ​ដោយ​បាន​បង្ហោះ​រូប​ថត​ស្និទ្ធ​ស្នាល​​ស៊ី​អារម្មណ៍ ឈរ​​កៀក​កើយ​នឹង​គូ​ស្នេហ៍​ខ្លួន​នៅ​មាត់​ទឹក មាន​ទេសភាព​ថ្ងៃ​រៀប​លិច និង​​សារភាព​ទម្លាយ​រឿង​ពិត​ខ្លួន ដែរ​ថា៖ «ពេល​នេះ​មាន​រយៈពេល ១០ ឆ្នាំ​​បាត់! ហើយ​ក៏​សង្ឃឹម​ថា បង​ប្អូន​ប្រិយ​មិត្ត​គាំទ្រ​ទាំង​អស់ សុំ​មេត្តា​​បើក​ទូលាយ​ចិត្ត​បេះដូង និង​នៅ​តែ​បន្ត​​​​គាំទ្រ​នាង​ខ្ញុំ​ដដែលផង​!»៕ Piseth – Baykdang

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ