ភ្នំពេញៈ ចេញពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រះកាយ ច័ន្ទ បានសរសេរថា៖ «សូមជម្រាបថា នៅខែ៤នេះ យើង នឹងចាប់ផ្តើមបើកបង្រៀនហើយ!មានថ្នាក់របាំបុរាណ (ចាប់ពីវ័យ៤ឆ្នាំឡើងទៅ) សម្តែង ដើរម៉ូដ រាំសម័យ និងប្រពៃណី ដែលហាត់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាមួយសាលាព្រះកាយ ច័ន្ទក្លិប»។
ក្រោយពីប្រកាសក៏មានការចាប់អារម្មណ៍ពីប្រិយមិត្តយុវវ័យនឹងដំណឹងបើកសាលាជំនាញសិល្បៈ ខណៈតារាស្រីដែលក្តោបបានសុទ្ធតែតួឯកកុនភាគរបស់ផលិតប៉ុស្តិ៍លេខ៥ កញ្ញា ព្រះកាយ ច័ន្ទ បង្ហើបថា៖ «ពិតជាមិនគួរឲ្យជឿមែនបង គ្រាន់តែនាងខ្ញុំបានប្រកាសតាមហ្វេសប៊ុកភ្លាម ប្រមាណពីរបីថ្ងៃមកនោះ មានប្អូនៗ ដែលចាប់អារម្មណ៍ និងបាន Confirm តាមបណ្តាញសង្គមមានចំនួនជាង ៤០ នាក់ ហើយ ដែលចង់រៀនជំនាញសិល្បៈនៅសាលារបស់ខ្ញុំនេះតែម្តង»។
តារាស្រី ដែលទើបបានបញ្ចប់ជំនាញសិល្បៈរបាំបុរាណពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏មានជំនាញដើរម៉ូដ សម្តែង និងរាំ កញ្ញា ព្រះកាយ ច័ន្ទ បន្តថា៖ «តាមគម្រោងនាងខ្ញុំបើកវគ្គចូលរៀនដំបូង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះហើយដោយមានបង្រៀនតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សិនទេព្រោះថា នាងខ្ញុំមិនទាន់មានពេលទំនេរអាចបង្រៀននៅថ្ងៃផ្សេងៗក្រៅពីនេះបាននៅឡើយ លុះត្រាតែពេលខ្ញុំថតកុនភាគក្រោយៗនេះចប់សិន ទើបអាចឆ្លៀតបន្ថែមម៉ោងផ្សេងបាន»។
ការបើកសាលាបង្រៀនជំនាញសិល្បៈពហុជំនាញមានរបាំបុរាណ សម័យ ប្រពៃណីដើរម៉ូដ និងសម្តែងកុន នៅសាលាព្រះកាយ ច័ន្ទក្លិប ដែលបង្រៀនផ្ទាល់ដោយសម្តែងស្រីរូបកាន់តែស្រស់ស្អាត និងនៅតែរក្សារាងស្លីមដដែលកញ្ញា ព្រះកាយ ច័ន្ទ នោះសិស្សត្រូវបង់ប្រាក់ប្រចាំខែ ក្នុងតម្លៃសមរម្យអាចរៀនបានទាំងអ្នកមានជីវភាពធួរធា និងមធ្យម។ តារាស្រីវ័យ ២៣ កញ្ញា ព្រះកាយ ច័ន្ធ បង្ហើបថា ពួកគាត់អាចបង់តម្លៃ ១៥ ដុល្លារ ក្នុង ១ ខែ និងបង់ប្រាក់ ២០ ដុល្លារ ក្នុង ១ ខែ សម្រាប់លើជំនាញដែលចូលចិត្ត៕ Piseth – baykdang