• រដ្ឋបាលខណ្ឌបកស្រាយ​ ២​​ ចំនុចដែលទៅចុះរុះរើកម្មវិធីកម្សាន្ត “សង្ក្រាន្តយុវ័ន”​ នៅលើប្រឡាយសំរាមបឹងត្របែក

    កាលពីពេលថ្មីៗនេះ មានការខកចិត្តជាច្រើន ក្រោយសមត្ថកិច្ចបានចុះរុះរើកម្មវិធីកម្សាន្តមុនចូលឆ្នាំប្រពៃណីខ្មែរ “សង្ក្រាន្តយុវ័ន” របស់ក្រុមយុវជនស្ម័គ្រចិត្ត ដែលប្រមូលសំរាមនៅប្រឡាយទឹកស្អុយបឹងត្របែក។ ទាក់ទងនឹងករណីនេះផងដែរ រដ្ឋបាលខណ្ឌចំការមន ក៏បានធ្វើការបកស្រាយចំពោះការចុះផ្អាកសកម្មភាព “សង្ក្រាន្តយុវ័ន” នៅលើប្រឡាយបឹងត្របែក ដូចខាងក្រោមនេះ៖

    ១. ពាក់ព័ន្ធនឹងការកើបសំរាមនៅក្នុងប្រឡាយបឹងត្របែក ក្នុងនាមអាជ្ញាធរសូមគាំទ្រ រាល់សកម្មភាពរបស់ក្រុមយុវជន រឺបងប្អូនប្រជាជនទាំងអស់ក្នុងការធ្វើអោយប្រសើរឡើងនូវអនាម័យ បរិស្ថាននៅក្នុងរាជធានីភ្នំពេញ កន្លងមកអាជ្ញាធរខណ្ឌបានស្វាគមន៍និងចូលរួមជាមួយក្រុមយុវជនក្នុការធ្វើសកម្មភាពប្រមូល និងកើបសំរាមនៅប្រឡាយបឹងត្របែកផងដែរ ។

    ២. ពាក់ព័ន្ធការផ្អាកសកម្មភាពមិនអោយក្រុមយុវជនធ្វើសង្ក្រាននៅលើប្រឡាយបឹងត្របែក គឺដោយសារប្អូនៗបានធ្វើនៅលើសាឡង់ដែលសំរាប់ប្រើប្រាស់ក្នុងការដាក់គ្រឿងចក្រដើម្បីកាយសំរាម និងបុកសៀផាយធ្វើជញ្ជាំងប្រឡាយ ហើយជាទីតាំងដែលមិនមានអនាម័យល្អ និងមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកចូលរួម។ ម៉្យាងទៀត គឺបញ្ហាផ្លូវច្បាប់ ប្រទេសមានច្បាប់ទម្លាប់ដូច្នេះការធ្វើសកម្មភាពណាមួយនៅតាមទីសាធារណៈត្រូវមានការអនុញាតពីអាជ្ញាធរ ប៉ុន្តែប្អូនៗមិនបានស្នើសុំការអនុញ្ញាត ឬជូនដំណឹងដល់អាជ្ញាធរទេ ហើយបានប្រើប្រាស់សាឡាងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដោយមិនមានការស្នើសុំទៀតផង។ ប្រសិនបើក្រុមយុវជនមានការស្នើសុំ រឺជូនដំណឹងមកអាជ្ញាធរ នោះអាជ្ញាធរអាចសម្របសម្រួលរកទីតាំងដែលមានសុវត្ថិភាព អនាម័យ បរិស្ថានល្អប្រសើរ ជូនដល់ប្អូនៗយុវជន ដើម្បីប្រារព្ធពិធីនេះអោយមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

    ប៉ុន្តែជាការលើកទឹកចិត្ត រដ្ឋបាលខណ្ឌចង់អោយក្រុមយុវជនប្តូរមកធ្វើការផ្សព្វផ្សាយ និងអប់រំដល់បងប្អូនប្រជាពលរដ្ឋកុំអោយយកសំរាមមកបោះចោលនៅតាមទីសាធារណៈ ជាពិសេសកុំអោយយកសំរាមមកបោះចូលក្នុងប្រឡាយបឹងត្របែកជារឿងល្អជាង ចំពោះរឿងការចុះប្រមូល និងកើបសំរាមនៅក្នុងប្រឡាយបឹងត្របែកនេះគឺអាជ្ញាធរ និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើការងារកើបសំរាមដោយប្រើទាំងកម្លាំង​ និងគ្រឿងចក្រដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ដូចនេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ សាធារណៈជន រឺប្អូនយុវជនយល់អំពីបញ្ហានេះ៕

    ប្រភព​ Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ