ភ្នំពេញៈ ក្រោយពីបានជោគជ័យនឹងបើកហាងលក់មីហឹរ «I’m Spicy Soup» តាំងពីចុងឆ្នាំ ២០១៦ មក នាពេលថ្មីៗស្រាប់តែគេឃើញពិធីការិនីទូរទស្សន៍ប្រចាំប៉ុស្តិ៍ CTN និងប៉ុស្តិ៍ MyTV និងជាតារាសម្តែងស្រីកញ្ញា ជីជី ងាកមកផុសផុលនឹងរឿងបើករបរលក់លៀសហាលបន្ថែម បង្កការភ្ញាក់ផ្អើលដល់មហាជន និងមិត្តអ្នកសិល្បៈ ហើយក៏រងការរិះគន់បែបឌឺដងថា នាងធ្លាក់ខ្លួនមកបើករបរនេះទៀតផងដែរ។
ដោយទ្រាំលែងបានចំពោះសូរសព្ទទាំងបន្លឺផ្ទាល់បែបឌឺដងផង និងដឹងឮតាមរយៈមិត្តជិតស្និទ្ធដដែលៗផង នឹងរឿងនាងបើកមុខរបរបន្ថែមលក់លៀសហាលនោះ ពិធីការិនីរូបស្រស់ឈ្មោះពិត ពេជ្រ សូលីដា ហៅកញ្ញា ជីជី ក៏បង្ហើរសារតបអ្នករិះគន់រឿងរបរថ្មីរបស់នាងវិញដោយមិនយល់មុខ។
កញ្ញា ជីជី បានបង្ហើបរឿងនាងបើកមុខរបរលក់លៀសហាលនោះថា៖ «មកពីនាងខ្ញុំបានលឮគេប្រាប់ផង និងឮផ្ទាល់ត្រចៀកនឹងអ្នកចូលចិត្តរិះគន់បែបរើសអើងមុខរបរ និងមើលស្រាលមនុស្ស ទើបចេញសារនេះ គឺចង់ប្រាប់ថា នាងខ្ញុំមិនខ្វល់ឡើយចំពោះអ្នក ដែលរិះគន់ទាំងឡាយព្រោះថា នាងខ្ញុំប្រើវិធីរកស៊ីតាមកម្លាំងញើសឈាម និងគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ។ ហើយអ្នករិះគន់នោះ ក៏មិនគួរមើលស្រាលនឹងរបរនេះឡើយ»។
ពិធីការិនីរាងតូចច្រឡឹងកញ្ញា ជីជី ដែលធ្លាប់មានអាជីវកម្មក្រៅសិល្បៈជាច្រើនដូចជាបើកហាងលក់ទំនិញ សម្លៀកបំពាក់ ឡេ គ្រឿងក្រអូបនានាតាមអនឡាញ និងបានបើកហាងលក់មីហឹរ «I’m Spicy Soup» កាលពីចុងឆ្នាំ ២០១៦ នោះបន្តថា៖ «របរលក់លៀសហាលនេះ នាងខ្ញុំទើបតែបានបើកប្រមាណជា ២ ខែចុងក្រោយនេះគឺនាងខ្ញុំបានដាក់ហាលលក់នៅមុខហាងមីហឹរនោះឯង»។
កញ្ញា ជីជី បន្ថែមថា៖ «នាងខ្ញុំមិនប្រកាន់មុខឡើយ ឲ្យតែនាងខ្ញុំបើកប្រកបទៅអាចរកប្រាក់បានដើម្បីជីវភាព ហើយចង់អ្នកណាថានាងខ្ញុំបើករបរបែបដូចជាអ្នកធ្លាក់ខ្លួនក្តីក៏មិនខ្វល់ទេ។ តែសម្រាប់មួយរយៈនេះ របរលក់លៀសហាលរបស់នាងខ្ញុំលក់ដាច់គ្រាន់បើ គឺមួយថ្ងៃនាងខ្ញុំអាចលក់បានចន្លោះចំនួន ១១០ កំប៉ុង ទៅ ១៥០ កំប៉ុង ហើយ១ កំប៉ុង តម្លៃ ៥០០០ រៀល ហើយក៏មានសេវាកម្មដឹកយកឲ្យដល់កន្លែង ឬផ្ទះ តែអ្នកទិញត្រូវចេញថ្លៃសេវាដឹកជញ្ជូន»៕ Piseth – Baykdang