(ភ្នំពេញ)៖ ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានព្រមទទួលយក សំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិចដែលបើករថយន្ដបុកកញ្ញា ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃ មុននេះ។
ការព្រមព្រៀងនេះធ្វើឡើង ដោយមិនមានការបង្ខិតបង្ខំណាមួយនោះឡើយ នៅក្នុងការិយាល័យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន នាទីស្តីការគណៈរដ្ឋមន្រ្តី និងនៅចំពោះមុខ មេធាវី ទាំងសងខាង ជាសាក្សី ។
ក្រុមមេធាវីបានបញ្ជាក់ជូនសាធារណជនឲ្យបានដឹងថា ការទទួលយកប្រាក់ចំនួន៧ម៉ឺនដុល្លារនេះគឺជាសំណង ផ្នែករដ្ឋប្បវេណី តែប៉ុណ្ណោះ ចំណែកករណីព្រហ្មទណ្ឌ ភាគីបង្ក នៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដដែល។ ភាគីជនរងគ្រោះបានបញ្ជាក់ច្បាស់ថា ការទទួលយកសំណងនេះ គឺជាការព្រមព្រៀង ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ឬក្រោមការបង្គាប់បញ្ជារ ណាមួយឡើយ ភាគីរងគ្រោះបានទទួលការការពារយ៉ាងកក់ក្តៅបំផុត ពីសំណាក់មេធាវីរបស់សម្តេចតេជោ ឯថវិកា ដែលជាសំណងនេះ គឺពុំមានកាត់យកភាគរយ ឬចែកចំណែកទៅ ឲ្យបុគ្គលណាមួយឡើយ ហើយមេធាវីរបស់សម្តេចតេជោ ជួយការពាររកយុត្តិធ៌ម ក៏មិនទទួលយកប្រាក់កំរៃ សេវ៉ាអ្វីទាំងអស់ដែរ។ ភាគីរងគ្រោះ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលសម្តេចបានជួយគិតគូរ បង្កើតមេធាវីសម្រាប់ជួយការពារដល់អ្នកក្រីក្រ ទន់ខ្សោយ ឲ្យទទួលបានសិទ្ធិ ស្មើរៗគ្នា ចំពោះមុខច្បាប់ ៕