សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ.ស ២០១៩ ម៉ោង១៥:១២នាទី។
ទេពធីតាដែលនឹងយាងចុះមកគ្រប់គ្រងរក្សាភពផែនដី និងប្រជានុរាស្ត្រក្នុងឆ្នាំថ្មីនេះ គឺព្រះនាង ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈបទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នងស្ដេចគ្រុឌ ជាពាហនៈ។
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ សម្រាប់ប្រជារាស្ត្រធម្មតាត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍៖
– បាយសី៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ
– បាយសីប៉ាឆាមមួយគូ
– ស្លាធម៌មួយគូ
– ទឹកអប់មួយគូ
– ទៀន៥ធូប៥
– ចេកមួយគូដាក់លើជើងពាន
– ផ្លែឈើត្រឹម៣ទៅ៥មុខទៅតាមធនធានរៀងខ្លួន
– គ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើ
– ទឹកស្អាតពីរកែវ
កាលណារៀបស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា៕
ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆ្នាំកុរ ដោយបណ្ឌិត អុឹម បូរិន្ទ