ភ្នំពេញៈ ដោយសារតែមានទុនសិល្បៈសម្តែងចាប់តាំងពីខ្លួនមានវ័យ ១៣ ឆ្នាំ ដែលបានថតស្ប៉តរឿងខ្លីឲ្យមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជានោះ ទើបតារាសម្តែងស្រីពន្លកថ្មី ដែលទើបល្បីប្រមាណ ៣ ឆ្នាំចុងក្រោយនេះ កញ្ញា សិទ្ធី នីកា ហាក់ដូចជាមិនសូវមានការលំបាកក្នុងការសម្តែងភាពយន្តនោះ ហើយក៏មានមហិច្ឆតា ចង់ដើរតាមគន្លងសិល្បៈម្តាយមីងខ្លួន តារាសម្តែងជើងចាស់អ្នកនាង ព្រំ រដ្ឋា ទៀតផង។
ដោយមានម្តាយមីងជាអ្នកសិល្បៈ គឺអ្នកនាង ព្រំ រដ្ឋា បច្ចុប្បន្នជាម្ចាស់ផលិត PR Production ក៏ជាហេតុដែលនាំឲ្យកញ្ញា សិទ្ធី នីកា ប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យ ១៣ ឆ្នាំ។ ដោយដំបូងឡើយ កញ្ញាសម្តែងក្នុងខ្សែភាពយន្តភាគរឿង «ពូជមួយត្រួយពីរ» កាលពីឆ្នាំ២០១៨ ហើយក៏ត្រូវបានគេស្គាល់ពីភាពយន្តអប់រំខ្នាតខ្លីរឿង «ឪពុកខ្ញុំ» និងរឿង “ វេរាហ៍ស្នេហ៍ឆ្លងភព»។
តារាស្រីទើបមានវ័យ ២០ ឆ្នាំ កំពុងតែមានភាពមមាញឹកនឹងការថតទាំងកុន ថត MV ចម្រៀងឲ្យផលិតនានាដូចជាថោន និងសាន់ដេ ជាដើម និងស្ប៉តពាណិជ្ជកម្មនានានោះ ក៏បង្ហើបពីចំណាប់អារម្មណ៍ទៅថ្ងៃមុខដើរវិធីសិល្បៈសម្តែងនេះផងដែរថា៖ «ចំពោះសិល្បៈសម្តែងនេះ គឺនាងខ្ញំនៅតែចាប់អាជីពនេះដដែល គឺមិនបោះបង់នោះឡើយ។ ហើយក៏ចង់មានភាពជោគជ័យនៅលើវិថីនេះ ទៅពេលអនាគតផងដែរ»។
តាមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ពីបទសម្ភាសន៍នោះ បន្ទាប់មកកញ្ញា សិទ្ធី នីកា ក៏ត្រូវបានផលិតករផ្សេងៗទាក់ទងហៅថតខ្សែភាពយន្តរបស់ខ្លួនជាបន្តបន្ទាប់ដូចជារឿង «វិថីនារី»ដែលចាក់ផ្សាយនៅទូរទស្សន៍ MyTV។ មួយរយៈចុងក្រោយនេះ តារាដែលមានទ្រេមុខមិនចាញ់តរាថៃរូបនេះ កំពុងតែមមាញឹកជាមួយនឹងការថតខ្សែភាពយន្តរឿង «ផ្ការីកក្នុងចិត្ត» ដែលនាងសម្តែងតួឯកឈ្មោះ បុប្ផា និងរឿង « បំណុលស្នេហ៍» របស់ផលិតកម្ម PR Production របស់ម្តាយមីងខ្លួនគឺអ្នកនាង ព្រំ រដ្ឋា។
ការសម្តែងភាពយន្តវិញនោះ ជាទូទៅតារាសម្តែងរលកក្រោយរមែងមានការរអ៊ូរ ឬប្រាប់ពីចំណុចនៃលំបាកជារឿយៗ និងចង់បានការសម្តែងណា ដែលត្រូវទៅតាមចំណូលចិត្តខ្លួនដូចជាតួកាច ឬតួស្លូត ជាដើម។ តែសម្រាប់ស្រីស្រស់ តារាពន្លកថ្មី កញ្ញា សិទ្ធី នីកា ដូចជាមិនមានក្តីបារម្ភនោះឡើយ ដោយនាងនិយាយថា៖ «សម្រាប់នាងខ្ញុំនោះ ការសម្តែងដូចជាមិនចោទជាបញ្ហាឡើយគឺអាចសម្តែងបត់បែនតាមសាច់រឿងបាន។ ទោះបីជាត្រូវដើរតួកាច ឬតួស្លូតក្តី នាងខ្ញុំអាចសម្តែងបានទាំងអស់គឺបត់បែនតាមការចង់បានពីអ្នកដឹកនាំរឿង»។
តែតារាសម្តែងស្រីកំពុងតែមានរូបសម្ផស្សកាន់តែស្រស់ស្អាតរូប ក៏ហាក់ដូចជាមានជម្រើសសម្រាបើការសម្តែងមួយផងដែរ ប្រសិនបើជាមានការជ្រើសរើសបាននោះ។ កញ្ញា សិទ្ធី នីកា បង្ហើបថា៖ « ប្រសិនបើអាចជ្រើសបាននោះ គឺចង់សម្តែងតួណា ដែលមើលទៅមិនកាចពេក ហើយក៏មិនស្លូតពេក»៕