ក្រុមហ៊ុន HMD Global បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនតម្លៃធន់មធ្យមម៉ូដែលថ្មី Nokia X71 រួមគ្នាជាមួយស្មាតហ្វូនលំដាប់កំពូល Nokia 9 PureView នៅលើទឹកដីតៃវ៉ាន់នាថ្ងៃទី ២ មេសានេះផ្ទាល់។
Nokia X71 ជាស្មាតហ្វូនម៉ាក Nokia ដំបូងដែលបានប្រើរចនាបថចោះរន្ធលើអេក្រង់ដូចជាស្មាតហ្វូន Samsung។ ស្មាតហ្វូននេះមានបំពាក់អេក្រង់ប្រភេទ FHD+ ទំហំ ៦,៣៩ អ៊ីញ ដែលលាតសន្ធឹងរហូតដល់ ៩៣% និងមានកាមេរ៉ា Selfie ទំហំ ១៦ MP។
នៅខាងក្នុងមានបំពាក់ដោយបន្ទះឈីប Snapdragon 660 គួបផ្សំដោយ RAM ទំហំ ៦ GB និងមានអង្គផ្ទុកទំហំ ១២៨ GB អាចបន្ថែមទំហំដល់ ២៥៦ GB ដោយប្រើមេមូរីកាត។ កាមេរ៉ាខាងក្រោយជាប្រភេទកែវឡេន Zeiss ដែលមានកម្រិត ៤៨ MP, កម្រិត ៨ MP សម្រាប់ថតរូបទូលាយ និងកម្រិត ៥ MP សម្រាប់វាស់ជម្រៅរូបភាព។
Nokia X71 គឺជាផ្នែកមួយនៃកម្មវិធី Android One ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie។ ស្មាតហ្វូននេះមានថ្មទំហំ ៣៥០០ mAh ដែលអាចសាកបំពេញបានលឿនដោយប្រើដុំសាក Fast Charge មានក្នុងប្រអប់ស្រាប់។
Nokia X71 បានកំណត់តម្លៃលក់ប្រមាណ ៣៨៥ ដុល្លារ នៅទីផ្សារតៃវ៉ាន់ ដោយចេញលក់ចាប់ពីថ្ងៃទី ៣០ ខែមេសា។ បើផ្អែកតាមចចាមអារ៉ាមកន្លងមក Nokia X71 នឹងចេញលក់លើទីផ្សារសកលដោយប្រើឈ្មោះថា Nokia 8.1 Plus៕