កូនប្រុសទី ១ របស់ខ្ញុំ កើតបានមួយឆ្នាំក្រុមហ៊ុនទស្សនាវដ្ដីរបស់ខ្ញុំត្រូវបានបិទ។ ចំណែកឯកូនប្រុសទី២ វិញកើតចំថ្ងៃដែលខ្ញុំ និងភរិយារបស់ខ្ញុំបិទហាង Cosmetic តែម្ដង
កំពុងដែលជប់លៀងលាគ្នាថ្ងៃចុងក្រោយ កំពុងតែជល់កែវលាគ្នាជាមួយនឹងបុគ្គលិកភរិយាខ្ញុំចាប់ផ្ដើមឈឺពោះ និងសម្រាលនៅយប់នោះតែម្ដង។
មនុស្សមួយចំនួនប្រហែលជាគិតថាអ្វីៗអាចមកពីកូន មកពីកូននាំស៊យ នាំចង្រៃតែសម្រាប់ខ្ញុំ ខ្ញុំដឹងច្បាស់ណាស់ថា នរណាគឺជាមនុស្សចង្រៃពិតប្រាកដហើយម្នាក់នោះគឺ ខ្ញុំខ្លួនឯងនេះហើយ។
ខ្ញុំរកស៊ីដោយគ្មានសមត្ថភាពអ្វីទាំងអស់ក្រៅពីជំនឿជឿជាក់លើខ្លួនឯង។ ខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើបាន ខ្ញុំនឹងជោគជ័យ កិច្ចការប៉ុណ្ណឹងៗ គេធ្វើបាន ខ្ញុំក៏ធ្វើបាន។ ប៉ុន្ដែខ្ញុំមិនដែលនឹកស្មានទាល់តែសោះថាភាពជឿជាក់មួយនេះ បានបំផ្លាញជីវិតរបស់ខ្ញុំ។
ខ្ញុំជឿជាក់លើខ្លួនឯងខ្លាំងពេករហូតគិតថា ខ្ញុំមិនត្រូវការអ្វីផ្សេងទៀតឡើយ។ ការពិត ភាពជឿជាក់ គ្រាន់តែជាខែលការពារបញ្ហានានា ក្នុងការរកស៊ីប៉ុណ្ណោះ វាមិនមែនជាអាវុធពិតប្រាកដ
ដើម្បីជោគជ័យឡើយ។
សមត្ថភាពលក់ឲ្យដាច់ លក់ឲ្យចេញ លក់ឲ្យចំណេញទើបជាអ្វីដែលខ្ញុំត្រូវការ។ ខ្ញុំបានប្រើពេល ៧ ឆ្នាំ និងបានបិទក្រុមហ៊ុននិងអាជីវកម្មចំនួន ៦ ទម្រាំតែខ្ញុំអាចមានអាវុធមួយនេះនៅក្នុងដៃ។
ហើយនៅពេលនេះ ខ្ញុំលែងជាមនុស្សចង្រៃម្នាក់ទៀតហើយ។
អ្វីដែលខ្ញុំចង់ចែករំលែកនៅពេលនេះគឺនៅពេលដែលយើងរកស៊ីបរាជ័យសូមកុំរកមើលនរណា ដើម្បីបន្ទោសតែសូមរកមើលបញ្ហា ដែលធ្វើឲ្យយើងបរាជ័យថាតើវាជាអ្វី ឲ្យពិតប្រាកដ
បន្ទាប់មកចាប់ផ្តើមម្ដងទៀតឲ្យឆ្លាតជាងមុន ឲ្យពូកែជាងមុន។ មនុស្សដែលបរាជ័យខ្លួនឯង ហើយបន្ទោសអ្នកដ៏ទៃទើបជាមនុស្សចង្រៃពិតប្រាកដ៕
បទពិសោធន៍ជីវិតពីខ្ញុំ៖ សេរីរិទ្ធ