• អារ៉ាប៊ីសាអូឌីតចាយលុយជាង «២.៤ពាន់លានដុល្លារ» ដើម្បីទិញប្រព័ន្ធការពារមីស៊ីល THAAD ពីសហរដ្ឋអាមេរិក

    (វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធ Lockheed Martin ទទួលបានកិច្ចសន្យាមានតម្លៃជាង «២.៤ពាន់លានដុល្លារ» ពីទីភ្នាក់ងារមីស៊ីលអាមេរិក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

    ការសម្រេចចិត្តខាងលើធ្វើឡើង បន្ទាប់ពីអារ៉ាប៊ីសាអូឌីតកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើសំណើបញ្ជាទិញ ប្រព័ន្ធការពារមីស៊ីល THAAD ពីសហរដ្ឋអាមេរិក ក្នុងតម្លៃ ១៥ពាន់លានដុល្លារ ក្នុងនោះរួមមានម៉ាស៊ីនសម្រាប់បាញ់ ៤៤គ្រឿង រួមទាំងគ្រាប់មីស៊ីល និងបរិក្ខាពាក់ព័ន្ធដទៃៗទៀត ដែលនឹងត្រូវផ្តល់ឲ្យ សេដ្ឋីប្រេងមួយនេះ តាមបណ្តាឆ្នាំជាបន្តបន្ទាប់។

    គួរបញ្ជាក់ថា កិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល THAAD ទទួលបានការបញ្ចុះបញ្ចូលយ៉ាងខ្លាំង ពីសំណាក់រដ្ឋបាល អាមេរិកមុន ព្រមទាំងរដ្ឋបាលបច្ចុប្បន្នរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានពិភាក្សាតាមទូរស័ព្ទជាមួយ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន ប៊ិន អាប់ឌែឡាហ្ស៊ីស (Salman bin Abdelaziz)។ ក្រៅពីប្រព័ន្ធមីស៊ីល អារ៉ាប៊ីសាអូឌីត ក៏ជាអតិថិជនធំរបស់អាមេរិក ក្នុងការជាវគ្រាប់បែក យន្តហោះចម្បាំង រថក្រោះ និង បរិក្ខាយោធាជាច្រើនប្រភេទទៀតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ