• ស្ត្រី​វៀតណាម​ក្នុង​ករណី​ធ្វើឃាត​លោក គីម ជុងណាំ ត្រូវ​ម៉ាឡេស៊ីបន្ធូរបន្ថយ​ការចោទ​ប្រកាន់ និងអាច​រួចផុស​ទោស​ប្រហារជីវិត

    (គូឡាឡាំពួ)៖ ក្រុមព្រះរាជអាជ្ញានៃប្រទេសម៉ាឡេស៊ីនាថ្ងៃចន្ទនេះ បានសម្រេចបន្ធូរបន្ថយ ការចោទប្រកាន់ពីបទ មនុស្សឃាត ប្រឆាំងនឹងស្រ្តីជនជាតិវៀតណាមម្នាក់ ដែលបច្ចុប្បន្នជាជនសង្ស័យនៅជាប់ឃុំតែម្នាក់ឯងគត់ ក្នុងករណីធ្វើឃាតបងប្រុសម្តាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VNExpress នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

    ព្រះរាជអាជ្ញាលោក អ៊ីសកាន់ដារ អាហ៍ម៉េដ (Iskandar Ahmad) បានប្រាប់តុលាការម៉ាឡេស៊ីថា លោកទទួល បានការបង្គាប់ពីអគ្គព្រះរាជអាជ្ញា ឲ្យផ្តល់ជម្រើសនៃការចោទប្រកាន់ ដែលមានទម្ងន់ទោសស្រាលជាងមុន សម្រាប់នាង ដន ធីហ័ង (Doan Thi Huong) ដែលជាជនសង្ស័យ។ បើតាមមេធាវីរបស់នាង Huong ជាមួយការ ចោទប្រកាន់ដែលត្រូវបានបន្ធូរបន្ថយទោសនេះ គឺពីបទប្រើប្រាស់អាវុធគ្រោះថា្នក់ ទៅវាយប្រហារលើអ្នកដទៃ ហើយនាងប្រឈមនឹងការជាប់ពន្ធនាគារយូរបំផុតត្រឹម ១០ឆ្នាំ ខណៈការចោទប្រកាន់ចាស់ពីបទមនុស្សឃាត អាចឲ្យរូបនាងប្រឈមមុខនឹងទោស ប្រហារជីវិត។ នាង Huong ត្រូវមេធាវីអះអាងថា ទំនងជានឹងឆ្លើយទទួល ទោស ចំពោះការចោទប្រកាន់កម្រិតស្រាលនេះ។

    គួរជម្រាបថា បងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបានគេសម្លាប់ដោយ អាវុធគីមី VX នៅឯអាកាសយានដ្ឋានគូឡាឡាំពួកាលពី ឆ្នាំ២០១៧។ ពីដំបូងឡើយជនសង្ស័យគឺមាន ០២នាក់ រួមមាននាង Huong និងម្នាក់ទៀត ជាស្រ្តីជនជាតិឥណ្ឌូណេស៊ី ប៉ុន្តែទើបត្រូវបានដោះលែងឲ្យមានសេរីភាព នាពេលថ្មីៗនេះវិញហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ