(ព្រះសីហនុ)៖ ស្ថានីយស្តុកទឹកស្អុយចំនួន ៤កន្លែង សម្រាប់បូមទឹកកខ្វក់បន្តឆ្ពោះទៅកាន់អាងប្រព្រឹត្តកម្មចម្រោះទឹកមានទំហំជាង ១៦ហិកតា ដើម្បីចម្រោះទឹកកខ្វក់កាត់បន្ថយជាតិពុល បានស្ថាបនារួចរាល់ជាស្ថាពរហើយ នៅល្ងាចថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអោយដឹងថា ស្ថានីយស្តុកទឹកស្អុយចំនួន៣ ស្ថិតក្នុងចំណោមស្ថានីយចំនួន៤កន្លែង បានបំពាក់ម៉ាស៊ីនបូមរួចរាល់ហើយ ហើយនៅសល់ស្ថានីយមួយកន្លែងទៀតនឹងបំពាក់ម៉ាស៊ីនបូមរួចរាល់នៅយប់ថ្ងៃដដែលនេះ។
ល្ងាចនេះទឹកសមុទ្រនៅឆ្នេរសុខា ដែលធ្លាប់កខ្វក់ និងប៉ះពាល់ដល់សោភ័ណភាពឆ្នេរ មានសភាពវិលមករកភាពប្រក្រតីវិញហើយ។ ចំណែកទឹកសមុទ្រក៏ប្រែពណ៌មកសភាពខៀវស្រងាត់ ហើយឆ្នេរសមុទ្រ ក៏មានអនាម័យបរិស្ថានស្រស់បំព្រងឡេីងវិញផងដែរ។
លោក ជាវ វិជ្ជាក់ អភិបាលរង និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ខេត្តព្រះសីហនុ បន្ថែមថា ជាគោលបំណងដ៏សំខាន់ ក្នុងការជំរុញស្ថាបនាស្ថានីយស្តុកទឹកស្អុយទាំង ៤កន្លែង នាក្រុងព្រះសីហនុនេះ គឺមានគោលបំណងឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមកបានហូរត្រង់ចូលសមុទ្រឲ្យបានជាអតិបរមា ប្រយោជន៍បញ្ចៀសផលប៉ះពាល់ដល់អនាម័យបរិស្ថានឆ្នេរ និងទឹកសមុទ្រ។
ផ្តើមពីបញ្ហានេះ លោក ជាវ វិជ្ជាក់ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ មានជំនឿថា តទៅអនាគតបញ្ហាដែលកើតឡើងពីទឹកកខ្វក់ នាខេត្តព្រះសីហនុ អាចត្រូវបានដោះស្រាយ និងលែងជាកង្វល់ធ្ងន់ធ្ងរដូចពេលមុនទៀតហើយ។
សូមបញ្ជាក់ថា ក្រៅពីស្ថានីយទី៣ ស្តុកទឹកស្អុយ បានដាក់ឲ្យដំណេីរការសាកល្បង កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ ស្ថានីយស្តុកទឹកស្អុយចំនួន ៣កន្លែងទៀត ក៏បានសាងសង់រួចហើយដែរ បន្ទាប់ពីក្រុមអ្នកបច្ចេកទេសជំនាញ បានខិតខំជំរុញការស្ថាបនានេះទាំងយប់ទាំងថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផង ដេីម្បីឆ្លេីយតបឲ្យបានតាមការកំណត់ និងបំពេញតាមតម្រូវការជាក់ស្តែង។
លោក ជាវ វិជ្ជាក់ បន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធខាងលើនេះ ក្នុងគោលបំណងលេីកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៍ដ៏មានសក្តានុពល ឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតនាថ្ងៃអនាគត៕