សម្តេច ហ៊ុន សែន ប្រាប់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះថា ប្រយ័ត្នបាត់តំណែង បើមិននាំកូនប្រុសចូលខ្លួនដោះស្រាយបញ្ហានៅតុលាការ! (មានវីដេអូ)

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ព្រមានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នឹងប្រឈមមុខបាត់បង់តំណែងតួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះ ចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាង ១ពាន់នាក់នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។

កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់លើយុវជនពីររូបនោះថែមទៀតផង។

ក្រោយទទួលបណ្តឹងពីយុវជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា ហើយនោះ លោក ហាក់ ហ៊ន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខអយ្យការឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាប្រើអំពើហិង្សានេះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យមន្ត្រីអាវុធហត្ថរូបនេះចូលខ្លួនដោះស្រាយបញ្ហា បើមិនដូច្នោះឪពុករបស់គេដែលជាមេបញ្ជាការអាវុធហត្ថខេត្តក្រចេះក៏ប្រឈមការអស់តួនាទី និងតំណែងផងដែរ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ផ្តាំទៅមេប៉េអឹម (អាវុធហត្ថ) ខេត្តក្រចេះផង បញ្ចុះបញ្ចូលកូនឲ្យមកតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ ប៉ុន្តែបើស្រឡាញ់កូនពេកអ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិបណ្តេញចោលតែប៉ុណ្ណឹង»។

សូមបញ្ជាក់ថា តាមរយៈវីដេអូកាមេរាសុវត្ថិភាពនៅក្នុងហាងអ៉ិនធើណេតនៅខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះមន្ត្រីអាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន្ត សុខុម បានប្រើហិង្សាវាយ និងដកកាំភ្លើងភ្ជង់យុវជនពីររូបនៅក្នុងហាងអ៉ិនធើណេត។ វីដេអូបង្ហាញពីអំពើហិង្សាមួយនេះនាំឲ្យផ្ទុះនូវការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន។

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាឪពុករបស់ជនបង្កអំពើហិង្សានេះបានបញ្ជាក់ថា អំពើហិង្សានេះបានផ្តើមចេញពីកូនប្រុសរបស់លោកម្នាក់ទៀតឈ្មោះ សាន្ត សុវិជ្ជា ដែលត្រូវជាប្អូនរបស់សាន សុខុម។

បើតាមលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានរៀបរាប់ថា កូនប្រុសរបស់លោកឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយមិត្តិភក្តិ បានលេងល្បែងចាញ់អស់លុយរហូតយកខ្សែក និងម៉ូតូទៅបញ្ចាំគ្មានសល់។ ក្

រោយទទួលបានព័ត៌មានដ៏អកុសលបែបនេះ លោកបានឲ្យកូនបងឈ្មោះ សាន្ត សុខុម ទៅតាមរកប្អូន និងសួរនាំកន្លែងបញ្ចាំខ្សែក និងម៉ូតូ ដើម្បីធ្វើការលោះយកត្រឡប់មកវិញ។ ប៉ុន្តែពេលទៅដល់ហាងអ៉ិនធើណេត ក៏ជួបមិត្តភក្តិរបស់ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្តភក្តិរបស់ប្អូនប្រុសខ្លួនមិនប្រាប់ និងមិននាំទៅកន្លែងបញ្ចាំ ដើម្បីលោះយកទ្រព្យសម្បត្តិមកវិញនោះ ក៏កើតមានជម្លោះរហូតវាយ និងដាក់កាំភ្លើងភ្ជង់តែម្តង។

ក្រោយពេលបង្កហិង្សាហើយបច្ចុប្បន្ននេះ លោក សាន្ត សុខុម កំពុងតែរត់គេចខ្លួន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ