• រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើចិន ឲ្យជួយបង្កើតកម្មវិធី WeChat សម្រាប់កម្ពុជាផ្ទាល់

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូមូលនិធិហ្សិនចិន (Shenzhen) នៃសាធារណរដ្ឋប្រជាមានិតចិន ជួយសម្របសម្រួលគម្រោងបង្កើតកម្មវិធីទូរស័ព្ទដៃ WeChat ជាខេមរៈភាសា ជាមួយក្រុមហ៊ុនថេនសេន (Tencent) ដែលជាស្ថាបនិកកម្មវិធី WeChat ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

    នៅក្នុងជំនួបពិភាក្សាជាមួយ លោកស្រី តៅ យីតៅ (Tao Yitao) អនុប្រធានមូលនិធិហ្សិនចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ចង់បានកម្មវិធីទូរស័ព្ទដៃ WeChat ជាភាសាខ្មែរ ដោយសារកម្មវិធីនេះ ផ្តល់ឱ្យអ្នកប្រើប្រាស់ ធ្វើការទំនាក់ទំនងគ្នាគ្រប់ទីកន្លែង, ទូទាត់ចំណាយតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដោយប្រើប្រាស់បាកូដ និងអាចទប់ស្តាត់ព័ត៌មានក្លែងក្លាយ (Fake News) នៅលើប្រព័ន្ធអ៊ិនធើណេតថែមទៀត។

    លោករដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូមូលនិធិហ្សិនចិន អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣ ដែលមានដាក់បញ្ចូលសេវាកម្ម ឧស្សាហកម្មធុនស្រាល ពាណិជ្ជកម្មតាមអេឡិចត្រូនិច ក៏ដូចជាសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ជាគោលដៅអាទិភាពសម្រាប់អភិវឌ្ឍន៍។

    លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មូលនិធិហ្សិនចិន និងគណៈប្រតិភូទាំងអស់ សិក្សាលម្អិត និងជួយគាំទ្រកម្ពុជា តាមរយៈការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីគ្នា ទៅវិញទៅមក ដោយសារ Shenzhen គឺជាតំបន់មួយ ដែលមានការអភិវឌ្ឍ ប្រកបដោយបច្ចេកវិទ្យាទំនើប និងឈានមុខគេ នៅក្នុងផលិតកម្ម ឧស្សាហកម្ម និងសេវាកម្ម ជាពិសេសពាណិជ្ជកម្មតាមអេឡិចត្រូនិក។

    ជាការឆ្លើយតប លោកស្រី តៅ យីតៅ បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី សម្រាប់ការធ្វើបដិសណ្ឋារកិច្ចគណៈប្រតិភូមូលនិធិហ្សិនចិនយ៉ាងកក់ក្តៅ និងបានសន្យានាំយកសំណើរបស់ក្រសួងពាណិជ្ជកម្ម ទៅជម្រាបក្រុមហ៊ុនថេនសេន (Tencent) ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកម្មវិធី WeChat ជាខេមរៈភាសា សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចឌីជីថល ជាមួយរាជរដ្ឋាភិបាល។

    នៅក្នុងឱកាសនោះដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងតំបន់ហ្សិនចិន និងព្រះរាជាណាចក្រកម្ពុជា នៅក្រោមក្របខណ្ឌមេគង្គ-ឡានឆាន លោកស្រី តៅ យីតៅ និងគណៈប្រតិភូ បានចុះកិច្ចសន្យាផ្តល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៥០គ្រឿង ដែលជាអំណោយរបស់សាកលវិទ្យាល័យហ្សិនចិន ជូនលោករដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ