ភ្នំពេញៈ ថ្មីៗនេះប្រិយមិត្តគាំទ្រតារាសម្តែងស្រីមានរូបរាងដៃជើងស្រឡូន ដែលទើបតែបានប្រឡូកវិស័យសិល្បៈសម្តែងត្រឹមជាង ២ ឆ្នាំ ស្រីស្រស់សោភា កញ្ញា វណ្ណៈ បូរមី ហាក់មានទីផ្សារថតកុនស្ងាត់គួរឲ្យងឿងឆ្ងល់។
កាលពីចុងឆ្នាំ២០១៨ ឃើញថា តារាសម្តែងស្រីរាងតូចច្រឡឹង ឆក់បានឱកាសថតកុនភាគ ៣ រឿងជាប់គ្នា ហើយមានការគាំទ្រច្រើនពីមហាជនច្រើន ខណៈស្រីស្រស់រូបនេះ ក៏ធ្លាប់បង្ហាញពីក្តីប្រាថ្នាចង់បានកំណត់ត្រាខាងសម្តែងជាតួបែបវាយតប់ផងដែរនោះ។
តារាសម្តែងស្រីវ័យឈានចូល ២១ ឆ្នាំ ប៉ឹមៗដែលអតីតជាបេក្ខនារីប្រកួតកម្មវិធី Freshie Girls & Boys កាលពីឆ្នាំ ២០១៦ ត្រឹមជាបេក្ខនារី ៦ រូបចុងក្រោយកញ្ញា វណ្ណៈ បូរមី ក៏បានបង្ហើបឲ្យដឹងពីមូលហេតុដែលខ្លួនរាងរយាលនៅក្នុងទីផ្សារថតកុនថា៖ «ក្រោយថតកុនភាគប៉ុន្មានចុងក្រោយចប់មក គឺនាងខ្ញុំមិនទាន់បានទទួលថតកុនអ្វីថ្មីនោះឡើយ ដោយសារនាងខ្ញុំមិនទាន់ផុតកុងត្រានៃគម្រោងចាស់របស់ គឺនៅសល់ពេលប្រមាណ ៣-៤ ខែទៀតឯណោះ ទើបអាចហ៊ានទទួលគម្រោងថ្មីបាន។ តែទោះជាយ៉ាងណាក្តី ក្រៅពីការងារសិល្បៈថតកុននោះ ក៏នាងខ្ញុំមានមមាញឹកនឹងការងារថតស្ប៉តពាណិជ្ជកម្មនានាជាហូរហែផងដែរ»។
តារាស្រីដែលតោងភាពល្បីតាមរយៈការថតកុនភាគដំបូងរឿង «បេសកកម្មមួយ» ដែលដើរតួជានារីក្លាហានផ្នែកស៊ើបអង្កេតនោះ កញ្ញា វណ្ណៈ បូរមី ក៏ទទួលចំណងដៃថ្មីថតកុនភាគទី ៣ រឿង «តួខ្ញុំគេសម្តែង» ដែលជាវណ្ណកម្មរបស់អ្នកស្រី ពាន់ ភួងបុប្ផា សម្រាប់ចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ភីអិនអិន ក្រោយពីបានសម្តែងកុនភាគទី ២ រឿង «ផ្កាថ្ម» របស់ផលិតកម្ម និងទូរទស្សន៍ហង្សមាស នាពេលកន្លងមកថ្មីៗនេះ។
បើក្រឡេកមើលសម្រស់នាងវិញ តារាស្រីរូបនេះ អាចនិយាយបានថា គឺមានភាពស្រស់ស្អាតបែបធម្មជាតិពិតៗ គ្មានការកែសម្ផស្សនោះទេ ជាមួយទម្រង់មុខមូលពងក្រពើ និងច្រមុះខ្ពស់ស្រាប់តាំងពីក្មេង ដែលផុសចេញពីអាជីពដំបូងជាតារាម៉ូដែល។ ដោយឡែកចំពោះទេពកោសល្យសម្តែងរបស់តារាស្រីពន្លកថ្មីរូបនេះ បើតាមពិនិត្យមើលទៅគឺនាងសម្បូរការសម្តែងបែបជាវីរនារី ឬតួស្រីជាអ្នកលេងវាយតប់ ឬតួ Spy Girl ដោយសារ ការសម្តែងមើលទៅមានភាពល្អសមសួនខ្លាំងតែម្តង៕ Piseth – Baykdang