សម្ដេចហ៊ុន សែន បានលើកឡើងថាសម្ដេចបានរៀបចំឲ្យមានការនាំចូលកប៉ាល់ផលិតអគ្គិសនីពីប្រទេសតួគីដែលថាអាចផ្ដល់ថាមពលអគ្គិសនីប្រមាណជា២០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់នៅទីក្រុង។
នៅលើទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានសរសេរនៅព្រឹកនេះ ថាកម្ពុជាខ្វះខាតភ្លើងអគ្គិសនីប្រើប្រាស់ដោយសារកំណើនតម្រូវការកាន់តែខ្ពស់នៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
ចំណែកវិស័យបសំណង់វិញ ប្រភពដដែលបន្តថាមានការកើនឡើង៧០០ភាគរយបើធៀប ទៅនឹងខែមករា និងកុម្ភៈ កាលពីឆ្នាំមុន។ ត្រង់ចំណុចនេះ ទើបធ្វើឲ្យតម្រូវការប្រើប្រាស់អគ្គិសនីមានការកើនឡើងច្រើនខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។
ទោះយ៉ាងណា ដើម្បីដោះស្រាយបញ្ហានេះ សម្តេចមានប្រសាសន៍ថា៖ «បានរៀបចំឲ្យនាំចូលកប៉ាល់ផលិតអគ្គិសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ២០០មេហ្កាវ៉ាត់ មកផ្គត់ផ្គង់ក្នុងទីក្រុងទម្រាំយើងមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ចាំដកកប៉ាល់តួគីចេញវិញ។ ទោះបីយើងទិញកប៉ាល់ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ»។ នេះបើតាមប្រភពដដែលបានដកស្រស់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន៕
ប្រភព: Sabay