• កូរ៉េ​ខាងជើង កោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសចិន និងអង្គការសហប្រជាជាតិ (UN) ឱ្យត្រឡប់មកស្រុកវិញ ដើម្បី…

    (ម៉ូស្គូ)៖ កូរ៉េខាងជើងបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសចិន និងអង្គការសហប្រជាជាតិ (UN) ឱ្យត្រឡប់មកស្រុកវិញ ដើម្បីពិភាក្សាគ្នាពីការចាត់វិធានការឆ្លើយតបនានា បន្ទាប់ពីព្រមានសហរដ្ឋអាមេរិក ថាអាចនឹងពិចារណាលើការអនុវត្តគោល នយោបាយនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

    សារព័ត៌មាន Sputnik ផ្អែកលើសេចក្ដីរាយការណ៍របស់វិទ្យុកូរ៉េខាងត្បូង KBS World បានបញ្ជាក់ ទៀតថាអគ្គរដ្ឋ ទូត កូរ៉េខាងជើងប្រចាំទីក្រុងប៉េកាំង លោក Ji Jae-ryong និងអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ UN លោក Kim Song បានជិះ យន្ដហោះនៃជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Air Koryo ត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងនៅល្ងាច ថ្ងៃអង្គារសប្ដាហ៍នេះ។

    មន្ត្រីទូតជាន់ខ្ពស់ទាំង២នេះបានដើរតួរយ៉ាងសំខាន់នៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ហើយ បើតាម KBS ការកោះហៅអ្នកទាំង២ទៀតសោត គឺធ្វើឡើងដើម្បីពិភាក្សាពីវិធានការឆ្លើយតបទៅ នឹងទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ក៏ដូចជាថាតើទីក្រុងព្យុងយ៉ាងត្រូវបោះជំហានទៅមុខយ៉ាងដូចម្ដេច ក្រោយ កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម បរាជ័យនៅវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅ។

    គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាកំពុងធ្វើ សកម្មភាព ពាក់ព័ន្ធនឹងមីស៊ីលឡើងវិញ ហើយមិនតែប៉ុណ្ណោះសូម្បីតែអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏ធ្លាប់ បានព្រមានកាលពីប៉ុន្មានថ្ងៃ មុននេះដែរថានឹងពិចារណាឡើងវិញលើការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ បើសិនជាសហរដ្ឋអាមេរិកមិនព្រមផ្ដល់ សម្បទានណាមួយ ជាពិសេសគឺការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទេនោះ។

    តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅតែមានសុទិដ្ឋិនិយមដដែលលើកិច្ច ចរចានុយក្លេអ៊ែរ រវាងប្រទេសទាំង២ ជាមួយការរំពឹងថាលោក គីម ជុងអ៊ុន នឹងគោរពតាមពាក្យសន្យាជាមួយ លោក ត្រាំ ដោយនឹងមិនធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ