(សាន់ទីអាហ្គោ)៖ ប្រព័ន្ធផ្កាយមួយដែលស្រដៀងនឹងប្រព័ន្ធព្រះអាទិត្យរបស់យើង ប្រហែលកំពុងចាប់កំណើត ឡើងក្នុងកញ្ចុំផ្កាយ Taurus ដែលវាពិតជារឿងអស្ចារ្យបំផុតសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកតារាសាស្ត្រ និងការ ប្រើវាជាឧទាហរណ៍ជាក់ស្តែង ដើម្បីសិក្សាអំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នាថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
ផ្កាយក្មេងឈ្មោះថា DM Tau ដែលស្ថិតនៅចម្ងាយ ៤៧០ឆ្នាំពន្លឺពីភពផែនដី ត្រូវបានអ្នកវិទ្យាសាស្រ្តដឹងរួចមក ហើយថា មានផ្ទុកខ្សែក្រវាត់នៃពពកធូលីអវកាសមួយរង្វង់ធំ ជាទីដែលភពត្រូវគេរំពឹងថា នឹងកកើតឡើង។ ប៉ុន្តែលទ្ធផលអង្កេតថ្មីៗនេះដោយបណ្តាញប្រព័ន្ធតេឡេស្កូបដ៏ខ្លាំងមួយនៅប្រទេសឈីលី គឺ ALMA បានបង្ហាញ ឲ្យដឹងពីរឿងគួរឲ្យចាប់អារម្មណ៍ បន្ថែមពីលើនេះទៅទៀត។
យោងទៅតាមតេឡេស្កូប ALMA ផ្កាយ DM Tau គឺមានខ្សែក្រវាត់ធូលីអវកាសដល់ទៅ ០២ មួយនៅចំណុច ប្រហែលប្រហាក់ប្រហែលនឹងប្រវែង ដែលខ្សែក្រវាត់អាចម៍ផ្កាយ Asteriod Belt នៃប្រព័ន្ធព្រះអាទិត្យរបស់ យើង ស្ថិតនៅ (តំបន់ចន្លោះភពអង្គារ និងព្រហស្បតិ៍) និងមួយទៀតគឺនៅតំបន់ដែលភពណិបទូនស្ថិតនៅ ដែលជា តំបន់កៀកខ្សែក្រវាត់ខៃភើ (Kuiper Belt) នៅចុងនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។
ក្រៅពីនេះអ្នកវិទ្យាសាស្រ្តក៏បានប្រទះឃើញ ការជិតកកើតឡើងនៃភពមួយដែលស្រដៀងនឹង ភពណិប ទូនផងដែរ នៅឯតំបន់ខ្សែក្រវាត់ធូលីផ្នែកខាងក្រៅរបស់ផ្កាយ DM Tau ដែលត្រូវគេជឿជាក់ថា មានអាយុពី ៣-៥លានឆ្នាំទៅហើយ និងមានម៉ាស់ស្មើនឹងពាក់កណ្តាលនៃម៉ាស់របស់ព្រះអាទិត្យយើង គឺពិតជាធំខ្លាំងមែនទែនតែម្តង។
គួរជម្រាបថា កន្លងមកបណ្តាប្រព័ន្ធតេឡេស្កូប ALMA ដែលស្ថិតនៅតំបន់វាលខ្សាច់ Atacama ភាគខាងជើង ឈីលី ធ្លាប់បានប្រទះឃើញខ្សែក្រវាត់ធូលីអវកាស នៅជុំវិញដួងតារាជាច្រើន ដែលជាឱកាសសម្រាប់ឲ្យអ្នកវិទ្យា សាស្រ្តតាមដានមើលពីដំណើរការកកើតនៃភពក្មេងៗទាំងនោះ៕