រថភ្លើងពីរគ្រឿង បានបុកគ្នាក្នុងទីក្រុងហុងកុងនាថ្ងៃចន្ទទី ១៨ខែមិនានេះដែលបណ្ដាលឲ្យបង្អាក់សេវាកម្មជាច្រើនក្នុងទីក្រុងដ៏មមាញឹកមួយនេះ។
យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា អ្នកបើកបររថភ្លើងទាំងពីរគ្រឿង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយអាជ្ញាធរស្នើសុំឲ្យពលរដ្ឋស្វែងរកមធ្យោបាយធ្វើដំណើរផ្សេង ឬផ្លូវរថភ្លើងផ្សេងពីនេះ។ ប៉ុន្តែជាសំណាងល្អ នៅពេលកើតហេតុរថភ្លើងនេះ មិនមានផ្ទុកអ្នកដំណើរនោះទេដោយសារតែវាជាការរត់សាកល្បងនៃប្រព័ន្ធឲ្យសញ្ញាថ្មី។ ក្រោយកើតហេតុ សេវាកម្មរថភ្លើងពីស្ថានីយ Admiralty និងស្ថានីយកណ្ដាលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈស្ថានីយកំពុងបើកការស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះឡើង។
ជាមួយគ្នាដែរ រដ្ឋាភិបាលក្រុងហុងកុង បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការព្រួយបារម្ភពីគ្រោះថ្នាក់នេះ ហើយស្នើសុំឲ្យអ្នកដំណើរទាំងអស់មេត្តាយោគយល់មុនពេលដែលរថភ្លើងត្រូវបានជួសជុលឡើងវិញដែលអាចចំណាយពេលយូរ៕