ភ្នំពេញៈ ធ្លាប់តែឃើញតារាចម្រៀងប្រុសស្រីនៅទ្រនំហង្សមាស មានឱកាសស្រវាបានក្លាយជាតួសម្តែងភាពយន្តជាហូរហែមកហើយនោះ ចម្លែកអីតែតារាចម្រៀងស្រីកំពុងឡើងកូដនៅទ្រនំដែរគឺកញ្ញា សួស វីសា ហាក់ដូចជាស្ងាត់ជ្រងំសម្រាប់អាជីពបន្ថែមនៅលើទ្រនំថ្មីគួរឲ្យងឿងឆ្ងល់។
តែតារាចម្រៀងស្រី ដែលមានស្រុកកំណើតមកពីខេត្តស្វាយរៀងកញ្ញា សួស វីសា បានបង្ហើបប្រាប់ថា៖ «ចាសបង!តាមពិតទៅការថតកុននោះ មិនមែនខ្ញុំអត់មានឱកាសនោះទេ តែដោយសារខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់សម្តែងឲ្យគេក្នុងថតកុន។ តែនាងខ្ញុំក៏បានថតកុនភាគដំបូងរបស់នាងខ្ញុំចប់ហើយដែរ ខណៈពេលវេលាចាក់បញ្ចាំងក៏ជិតដែរ។ កុនដំបូងដែលខ្ញុំសម្តែងនោះគឺរឿង «រាជបុត្រកង្កែប» ដែលមានប្រមាណជាង ២០ ភាគ ដោយសម្តែងជាតួឯកស្រីក្នុងចំណោមតូឯកស្រីពីរនាក់ក្នុងរឿងនៃផលិតកម្មហង្សមាស។ ក្រោយមកក៏ខាងផលិតកម្មហៅឲ្យថតកុន ២-៣ រឿងទៀតផងដែរ តែនាងខ្ញុំមិនបានទទួលព្រោះតែខ្ញុំរវល់នឹងការងារសិល្បៈចម្រៀងច្រើនពេក ហើយម្យ៉ាងការថតកុនភាគទាមទារប្រើពេលវេលាច្រើន។ ដូចជាកុនដំបូងរបស់នាងខ្ញុំថតនេះអ៊ីចឹង គឺខ្ញុំត្រូវប្រើពេលដល់ទៅ ១ ឆ្នាំ ឯណោះ ដើម្បីទៅថតនោះ»។
ស្រីស្រស់កញ្ញា សួស វីសា ដែលបានផ្ទុះភាពល្បីដំបូងតាមរយៈបទចម្រៀងមានចំណងជើងថា «វាសនាបុប្ផាស្វាយរៀង» ខណៈបច្ចុច្បន្នកំពុងតែស្រូបបានការគាំទ្រខ្លាំងប្រិយមិត្តក៏បានបន្តទៀតថា៖ «កូនដែលនាងខ្ញុំថតនោះ នឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ហង្សមាស ក្រោយពីកុនភាគរឿង «រាជិនីភូមិគ្រឹះ» បញ្ចាំងចប់»។
ទន្ទឹមនឹងប្រជាប្រិយភាពក៏ហក់ឡើងស្រឺតៗ ទាញបានការចាប់អារម្មណ៍ខ្លាំងពីបទថ្មីៗ និងស្ទីលតែងខ្លួនក៏មានច្នៃប្រឌិតប្លែកភ្នែកនោះ តារាចម្រៀងសាច់សខ្ចីសម្ផស្សស្រស់សោភា កញ្ញា សួស វីសា ក៏ឆក់បានឱកាសក្នុងតំណែងជាគ្រូបង្វឹកម្នាក់ជំនួសកន្លែងរបស់អ្នកនាង សុគន្ធ នីសា ផងដែរនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Kids Cambodia នារដូវកាលទី២ នៅទ្រនំហង្សមាស៕