នៅវេលាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងសមាជិកក្រុមការងារគម្រោងពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ នេះបើយោងតាមផេកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហោះសារភ្ជាប់នឹងរូបភាព កាលពីព្រឹកមិញនេះ។
ផ្លូវល្បឿនលឿន ដែលមានប្រវែង ១៩០,០៣៦ គីឡូម៉ែត្រ នេះ គ្រោងសម្ពោធបើកការដ្ឋាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះ គ.ម៣៩ ផ្លូវជាតិលេខ៤។