(ប៉ារីស)៖ ប៉ូលិសបារាំងបានចាប់ឃាត់ខ្លួនមនុស្សជាង២០០នាក់ នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅបារាំង) ក្រោយពីអំពើហិង្សាបានផ្ទុះឡើង នៅឯទីក្រុងប៉ារីស ក្នុងអំឡុងការធ្វើបាតុកម្មនៃចលនាអាវកាក់ពណ៌លឿង ដែលបានអូសបន្លាយជិត២០សប្តាហ៍មកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
បើតាមការឲ្យដឹងពីប៉ូលិសនៃទីក្រុងប៉ារីស មនុស្សសរុបកើនដល់២៣៧នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមបាតុករ ពាក់ម៉ាស់បិទមុខ បានបង្កភាពចលាចលនៅលើដងវិថី Champs Elysses តាមរយៈការដុតបំផ្លាញក៏ដូចជាវាយ កម្ទេចទ្រព្យសម្បត្តិសាធារណៈ ហាងលក់ទំនិញ និងអគារផ្សេងៗ ហើយជនទាំងនោះក៏បានចោលវត្ថុមួយចំនួន ផងដែរ ទៅលើកងកម្លាំងសន្តិសុខបារាំង ដែលជាហេតុបង្ខំឲ្យមានការឆ្លើយតបវិញដោយការប្រើឧស្ម័នបង្ហូរទឹក ភ្នែក និងកាណុងបាញ់ទឹក។
រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក Christophe Castaner បាននិយាយថា នៅក្នុងអំឡុងការធ្វើបាតុកម្មដោយ ស្ងប់ស្ងាត់ ក្រុមជនមួយចំនួនបានឆ្លៀតឱកាសបង្កភាពវឹកវរ ខណៈនាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe ក៏បានថ្កោលទោសទង្វើនេះផងដែរ។ ប៉ូលិសទីក្រុងប៉ារីសបានបញ្ជាក់ថា មនុស្ស៦០នាក់ ក្នុងនោះមាន មន្រ្តីប៉ូលិស១៧នាក់ ក៏បានទទួលរងរបួស ក្នុងអំពើហិង្សាថែមទៀតផង។
គួរជម្រាបថា បាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងនាថ្ងៃសៅរ៍សប្តាហ៍នេះ បានឈានចូលសប្ដាហ៍ ទី១៨ហើយ គិតចាប់តាំងពីវាបានកើត ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីប្រឆាំងនឹងគោលនយោបាយសេដ្ឋ កិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ សម្រាប់ចំនួនបាតុករចូលរួមនាសប្តាហ៍នេះ គឺប្រមាណ៣២,២០០ នាក់ (ដំបូងមានសេចក្តីរាយការណ៍ថាពី៧,០០០ទៅ៨,០០០នាក់) ធៀបទៅនឹងអ្នកចូលរួមប្រហែល ២៨,៦០០ នាក់ កាលពីសប្តាហ៍មុន ប៉ុន្តែចំនួនទាំងអស់នេះ សុទ្ធតែទាបជាងឆ្ងាយ ធៀបនឹងចំនួនបាតុករចូលរួម កាលពី បាតុកម្មបានចាប់ផ្តើមដំបូង ដែលមានជិត៣០០,០០០នាក់៕