ភ្នំពេញ៖ ក្រោយពីចេញបទចម្រៀងថ្មីមានចំណងជើងថា «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ត្រូវបានលុបចេញដោយសាររងបណ្តឹងពីក្រុមគ្រួសាររបស់ម្ចាស់ទំនុកដើម អតីតជាកវីដងស្ទឹងសង្កែមកនិងរងការរិះគន់ច្រើនពីមហាជនមកនោះ ស្រាប់តែឃើញតារាចម្រៀងប្រុសផុសពីតារាកំប្លែង នាយ ចឺម បានបញ្ចេញស្នាដៃបទចម្រៀងមួយទៀតមានចំណងជើងថា «អ្នកណាល្អគ្រប់១០» មានអត្ថន័យលើកទឹកចិត្ត ដល់មនុស្សធ្លាប់មានកំហុស ដែលគេមើលឃើញថាជាការចេញបទថ្មីដើម្បីបន្សាបបទចាស់នោះ។
ចំពោះបទថ្មីនេះ ត្រូវបានអ្នកតាមដានសិល្បៈមើលឃើញថា ទទួលបាននូវការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ទាំងទឹកដមសំនៀង និងខ្លឹមសារនៃបទចម្រៀងល្អប្រសើរ។
តាមរយៈបទថ្មី «អ្នកណាល្អគ្រប់១០» របស់ នាយ ចឺម នេះផងដែរ ក៏ត្រូវបានមហាជនភាគច្រើន ធ្វើការ កត់សម្គាល់ថា វាមានអត្ថន័យខ្លាំងណាស់ ជាពិសេសនោះ គឺជាចម្រៀងដើម្បីលើកទឹកចិត្ត និងលួងចិត្ត នាយចឺម ខ្លួនឯងផ្ទាល់តែម្តង បន្ទាប់ពីលោកទទួលរងការរិះគន់ពីមហាជនយ៉ាងខ្លាំងមកនោះ។ មិនតែប៉ុណ្ណោះ ខ្លឹមសារក៏បានជួយ លើកទឹកចិត្ត មនុស្សដែលបាក់ទឹកចិត្ត ត្រូវតែតស៊ូប្រឹងប្រែង រក្សាគោលដៅ ដែលខ្លួនចង់បាន កុំបោះបង់ចោល ពេលមានកំហុសបន្តិចបន្តួច ព្រោះគ្មាននរណាល្អគ្រប់១០នោះទេ។
គួររំឮកថា ក្រុមគ្រួសាររបស់អតីតកវីឆ្នើមសម័យចាស់ គង្គ ប៊ុនឈឿន គ្រោងប្តឹងទៅកាន់ភាគីពាក់ព័ន្ធចំពោះបទចម្រៀងរបស់តារាចម្រៀងនាយ ចឺម ដែលបានកាឡៃបទភ្លេង និងទំនុកច្រៀងទាំងស្រុងពីស្នាដៃមរតកដើមរបស់កវីស្ទឹងសង្កែ។ បទចម្រៀងរបស់ នាយ ចឺម ដែលផ្សព្វផ្សាយតាមបណ្តាញអ៊ីនធើណេត មានចំណងជើងថា «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» បានកាឡៃបទភ្លេងពីបទ «ថ្ងៃដែលអូនចុកឈាម ឬនឹកភូមិភ្នំធំ» របស់កវីនិពន្ធ គង្គ ប៊ុនឈឿន។
ផលិតកម្មសាន់ដេ បានផលិតបទចម្រៀងមួយនេះ ឲ្យតារាចម្រៀង នាយ ចឺម ជាមួយនឹងការដាក់និពន្ធបទភ្លេងដោយ Boty និង Jane Roffer នោះក៏បានធ្វើឲ្យក្រុមគ្រួសារក៏ដូចជាបណ្តាអ្នកលេងហ្វេសប៊ុកផ្ទុះការរិះគន់យ៉ាងខ្លាំង៕ Piseth – Baykdang