• ក្រុមហ៊ុន Boeing អាចនឹងខាតប្រាក់៥.១ពាន់លានដុល្លារ ដោយសារការផ្អាកការហោះហើរយន្ដហោះ 737 MAX

    (វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញមកពីធនាគារវិនិយោគ Jefferies បាននិយាយថាក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing អាចនឹងខាតប្រាក់៥.១ពាន់លានដុល្លារ ដោយសារតែការផ្អាកប្រតិបត្តិការហោះហើរយន្ដហោះ 737 MAX ពីសំណាក់បណ្ដាប្រទេស ជិត៥០នៅលើពិភពលោក បន្ទាប់ពីមានសោកនាដកម្មធ្លាក់យន្ដហោះនៅអេត្យូពី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

    ថ្លែងប្រាប់សារព័ត៌មាន Washington Post ក្រុមអ្នកជំនាញខាងលើដដែល ក៏បានសង្កត់ធ្ងន់ដែរថាគ្រោះថ្នាក់ធ្លាក់យន្ដហោះអេត្យូពី អាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសក្រុមហ៊ុន Boeing។ លើសពីនេះទៅទៀត អ្វីដែលសំខាន់នោះគឺវាក៏អាចជះឥទ្ធិពល អវិជ្ជមានដល់ការបញ្ជាទិញយន្ដហោះ 737 MAX 8 ជាង៥,០១១គ្រឿងពីអតិថិជនចំនួន៧៩ នៅទូទាំងពិភពលោកផងដែរ។

    គួរជម្រាបថា កាលពីថ្ងៃអាទិត្យ​កន្លងទៅ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍​ប្រទេស​អេត្យូពីរ Ethiopian Airlines បានធ្លាក់​នៅប៉ុន្មាននាទី​ក្រោយហោះចេញពីព្រលាន​យន្តហោះ​ក្នុងរដ្ឋធានី Addis Ababa របស់អេត្យូពីរ ដោយបានផ្តាច់​ជីវិតមនុស្ស​ទាំង​ ១៥៧នាក់ ដែល​ជិះនៅលើនោះ។ ហេតុការណ៍នេះ​គឺជាគ្រោះមហន្តរាយ​លើកទីពីរហើយ ដែលមានពាក់ព័ន្ធ​នឹងយន្តហោះ Boeing 737 MAX 8 ដោយកាលពី​ខែតុលា ឆ្នាំ២០១៨ យន្តហោះ Boeing 737 MAX 8 ​របស់​អាកាសចរណ៍​ក្នុងស្រុក Lion Air ​បានធ្លាក់នៅ​សមុទ្រជ្វា ក្រោយហោះហើរ​បានតែបន្តិច​ដូចគ្នា ចេញពីអាកាសយានដ្ឋាន​ក្នុងរដ្ឋធានី​ហ្សាការតា និងបានសម្លាប់​​ជិវិតមនុស្សទាំង​អស់​​​គឺជាង ១៨០នាក់។

    ក្រោយសោកនាដកម្មនៅអេត្យូពី ប្រទេសជាច្រើនបានផ្អាកការ​ហោះហើរ​ ឬ​ក៏​បិទដែនអាកាស​សម្រាប់​យន្តហោះ​ម៉ូដែលនេះ ដោយក្នុងនោះរួមមានចិន រុស្ស៊ី កូរ៉េខាងត្បូង ម៉ុងហ្គោលី ឥណ្ឌា អូស្រ្តាលី សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម លីបង់ អេមីរ៉ាត់អារ៉ាប់រួម អេត្យូពី ប្រេស៊ីល ម៉ិចស៊ីកូ អាហ្សង់ទីន នូវែលសេឡង់ អូម៉ង់ តួកគី គុយវែត អាហ្រ្វិក​ខាងត្បូង ហ្វីជី ព្រមទាំងអឺរ៉ុបជាដើម ដោយប្រមាណជាមួយភាគបីនៃ Boeing 737 MAX 8 ត្រូវបានបញ្ឈប់​ប្រតិបត្តិការ​បណ្តោះ​​អាសន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ