Apex Legends គឺជាហ្គេមថ្មីបានដាក់ដំណើរការកាលពីខែមុន ដែលក្នុងរយៈពេលមួយខែដំបូង មានអ្នកចូលលេងសរុបដល់ ៥០ លាននាក់ឯណោះ។ វាគឺជាប្រភេទហ្គេម Battle Royale ដែលជាគូប្រជែងរបស់ហ្គេម PUBG និង Fortnite។
Apex Legends បង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Respawn Entertainment និងចេញផ្សាយដោយ Electronic Arts ហៅកាត់ថា EA។ ហ្គេមនេះចេញដំបូងនៅថ្ងៃទី ៤ ខែកុម្ភៈ ដោយបច្ចុប្បន្ននេះអាចលេងបានតែនៅលើ Microsoft Windows, PlayStation 4 និង Xbox One តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានគម្រោងសម្រាប់ឧបករណ៍ Android, iOS និង Nintendo Switch នាពេលខាងមុខដែរ។
Apex ខុសប្លែកពីហ្គេម Battle Royale ផ្សេងទៀតត្រូវថាមានប្រើប្រាស់ពាក្យ Legends ជំនួសឲ្យ Hero ហើយ Legend នីមួយៗមានសមត្ថភាពពិសេសរៀងៗខ្លួន និងមានតួនាទីខុសៗគ្នាដូចជា Offense, Defense, Support និង Recon។
អ្នកលេងទាំងឡាយត្រូវដាក់បញ្ចូលក្នុងក្រុមមួយដែលមានសមាជិកចំនួន ៣ នាក់ ដែលអាចរើស Legend ណាមួយដែលពេញចិត្ត ហើយក្នុងការប្រកួតនីមួយៗមានរហូតដល់ ២០ ក្រុមចូលរួមឯណោះ។ ក្នុងការប្រកួតជម្រុះមួយលើកៗផែនទីកាន់តែបង្រួមតូចទៅៗ ដើម្បីឲ្យក្រុមនីមួយៗងាយជួបមុខគ្នា ហើយក្រុម ឬ សមាជិកនៃក្រុមដែលនៅរស់ចុងក្រោយគេជាក្រុមដែលឈ្នះ៕