• ចិន ​ស្នើ​ខ្ចី​រូប​បដិមា​ខ្មែរ ដើម្បី​យក​ទៅ​ចូល​រួម​តាំង​ពិព័រណ៍​អរិយធម៌​អាស៊ី​នៅ​ប្រទេស​ចិន

    យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អាជ្ញាធរ​អប្សរា ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មីនា ២០១៩ នេះ បាន​ឲ្យ​ដឹង​ថា អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​ចិន​ដឹក​នាំ​ដោយ​លោក ឈូ មីង (CHOU Ming) អនុប្រធាន​ពិព័រណ៍​សិល្ប:​ចិន នៃ​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ចិន ចូល​ជួប ដើម្បី​ពិភាក្សា ពី​ការ​ស្នើ​ខ្ចី​រូប​បដិមា​ខ្មែរ ដើម្បី​យក​ទៅ​ចូល​រួម​តាំង​ពិព័រណ៍​អរិយធម៌​អាស៊ី​នៅ​ប្រទេស​ចិន​។

    រូប​បដិមា​ដែល​ចិន​ស្នើ​ខ្ចី​ទៅ​នោះ​មាន​បី​ប្រភេទ ជា​បដិមា​មិន​មាន​ទំហំ​ធំ​នោះ​ទេ ហើយ​បដិមា​ទាំង​នោះ​មាន​ប្រភព​នៅ​ប្រាសាទ​តាកែវ និង​ប្រាសាទ​ចៅ​សាយ​ទេវតា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឡុង កុសល ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា​។ លោក​បាន​បញ្ជាក់​ប្រាប់បន្ថែម​ទៀត​ថា ភាគី​ចិន​ក៏​បាន​អញ្ជើញ​​មន្ត្រី​ប្រតិភូ​កម្ពុជា ដើម្បី​ចូល​រួម​ពិព័រណ៍​ផង​ដែរ​។

    ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ទាន់​អាច​ឆ្លើយ​តប​ភ្លាមៗ​បាន​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា រាល់​រូប​បដិមា ដែល​បាន​ស្នើ​ឡើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ធានា​រ៉ាប់រង​ស្រប​តាម​ការ​គ្រប់គ្រង​បុរាណ​វត្ថុ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​។ ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​ការ​ពេល​វេលា ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អាច​អនុញ្ញាត​ឲ្យ​យក​បដិមា​ចេញ​ពី​ទី​តាំង​ជាក់​ស្ដែង​។

    អ្នក​នាំ​ពាក្យ​ដដែល​លើក​ឡើង​ថា ចិន​មាន​បំណង​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​វាង​ប្រទេស​ទាំង​ពីរ​តាំង​ពី​ការ​អភិវឌ្ឍន៍ និង​វប្បធម៌ ដែល​មាន​អាយុ​កាល​យូរយារ​ណាស់​មក​ហើយ​។ ហើយ​នេះ​ក៏​ជា​ឱកាស​ដែល​ប្រទេស​កម្ពុជា​អាច​បង្ហាញ​អារ្យធម៌​ខ្មែរ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អាស៊ី និង​ជុំវិញ​ពិភពលោក​ឱ្យ​បាន​ស្គាល់​ខ្មែរ​កាន់​តែ​ច្បាស់​ថែម​ទៀត​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​តាកែវ និង​ប្រាសាទ​ចៅ​សាយ​ទេវតា ​សុទ្ធតែ​ស្ថិត​ក្រោម​គម្រោង​ជួសជុល​កែ​លម្អ​របស់​ក្រុម​អ្នក​ជំនាញ​ចិន​។ បើ​តាម​លោក​ឡុង កុសល​ចិន​ក៏​គ្រោង​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​កែ​លម្អ និង​ជួសជុល​ប្រសាទ​ផ្សេង​ទៀត​មាន​ប្រាសាទ​ព្រះវិហារ​ជា​ដើម​។ ពិព័រណ៍​អរិយធម៌​អាស៊ី​ដែល​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ប្រទេស​ចិន​។

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ