• អេឡិច ចាន់ត្រា ភ្ញាក់​ផ្អើល និងរំភើបចិត្ត ពេល​ឮ​សម្ដេច ហ៊ុន សែន ហៅ​គាត់​ថា «អាស្រ៊ុន»

    (ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀង មានកេរ្តិ៍ឈ្មោះល្បីល្បាញ លោក អេឡិច ចាន់ត្រា បានសម្ដែងអារម្មណ៍ភ្ញាក់ស្រឡាំងកាំង នៅពេលឮផ្ទាល់នឹងត្រចៀក ចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅឈ្មោះពិតរបស់ខ្លួនថា «អាស្រ៊ុន» ជាសាធារណៈ នៅចំពោះមុនមហាជន និងមន្រ្តីធំៗជាច្រើនរូបទៀត។ ជាមួយគ្នានឹងការហៅឈ្មោះពិតរបស់ខ្លួនហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសួរនាំពីរការងារមនុស្សធម៌ របស់តារាសម្ដែង អេឡិច ចាន់ត្រា ដែលធ្វើឲ្យរូបលោករំភើបញាប់ញ័រ ស្ទើរគ្មានអ្វីផ្ទឹម។

    លោក អេឡិច ចាន់ត្រា បានសរសេរនៅក្នុង Facebook ផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងរូបថត ជាច្រើនសន្លឹក ថតជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អមដោយអ្នកសិល្បៈផ្សេងទៀតថា «ថ្ងៃនេះពិតជាមហាកិត្តិយស និងរំភើបចិត្តយ៉ាងខ្លាំង នៅពេលឮសម្ដេចតេជោ ហៅ ឈ្មោះ ខ្ញុំថា «អាស្រ៊ុន» ខ្ញុំទ្បើងភ្ញាក់ ហើយស្រទ្បាំងកាំង ពេលឮសម្ដេចស្គាល់ ឈ្មោះដើមកំណើត ហើយហៅខ្ញុំបែបនេះ..!»។

    តារាសម្ដែង អេឡិច ចាន់ត្រា បានបន្ថែមទៀតថា «បន្តលោកទាំងពីក៏បានសួរនាំពីការងាមនុស្សធម៌ ដែលទាក់ទងនិងការងារសង្គម ហើយក៏បន្តទទួលបានការជូនពរពីលោកទាំង២ ជាពិសេសថ្ងៃនេះ ប្អូនៗដែលជាជនរងគ្រោះ ពិតជាទទួលបានភាពកក់ក្ដៅ និងក្ដីស្រឡាញ់យ៉ាងខ្លាំង ពីលោកទាំង២!»។

    ការហៅឈ្មោះពិតរបស់តារាសម្ដែង អេឡិច ចាន់ត្រា ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេដឹងថា គឺបានធ្វើឡើង ក្នុងពិធីដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្រ្តីរាជការជាច្រើនរូប ចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៉ីប ទុំឌី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ។

    សូមបញ្ជាក់ថា តារាចម្រៀង និងសម្ដែងលោក អេឡិច ចាន់ត្រា មានឈ្មោះពិតថា « លឹម ប៉ោស្រ៊ុន» ហើយការហៅឈ្មោះជាសាធារណៈ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាលើកទី១ហើយសម្រាប់រូបលោក ខណៈដែលកម្មវិធីផ្លូវការធំៗកន្លងមក សម្ដេចតេជោមិនដែលហៅឈ្មោះពិតរបស់លោកម្ដងណាឡើយ។ អ្វីដែលគួឲ្យចាប់អារម្មណ៍មួយទៀត គឺមហាជន ក៏ដូចជាទស្សនិកជនជាអ្នកគាំទ្ររូបលោក ក៏មិនដែលបានស្គាល់ឈ្មោះពិតរបស់លោកដែរ ពោលគឺពួកគេស្គាល់តែឈ្មោះ ក្នុងវិស័យសិល្បៈតែប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ