ភ្នំពេញៈ ទម្រង់សិល្បៈបុរាណដែលមានការសម្តែងលោ្ខនស្បែកតូច ស្បែកធំ និងល្ខោនយីកេ ផងដែរ នឹងត្រូវបានក្រុមសិល្បករសិល្បករ-ការិនី ខ្មែរជាង ២០រូប មកពីក្រុមសមាគមសិល្បករគោកធ្លក បានរួចចិត្តរួមគំនិតគ្នាក្នុងការសហការសម្តែងនៅលើឆាកសិល្បៈក្នុងបណ្ណាល័យជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ ដើម្បីរក្សា ចូលរួមនូវសិល្បៈជាកេរតំណែលដូនតាមួយ នេះ បើទោះបីជាត្រូវសម្តែងដូរបាយក៏ដោយ។
ការសម្តែងទម្រង់សិល្បៈបុរាណរយៈពេល ១ម៉ោង មានបីផ្ទាំងទស្សនិយភាព ចាប់ពីម៉ោង ៦ និង ៣០ នាទីល្ងាច ដល់ ៧ និង ៣០ នាទី យប់ នៅរោងល្ខោនបណ្ណាល័យជាតិ ដោយក្រុមសមគមសិល្បករគោកធ្លក ចូលទស្សនាដោយសេរី ដើម្បីចូលរួមរក្សាមរតកដូនតាឲ្យមានភាពគង់វង់ និងក៏ចង់សិក្សាដែរថា តើនឹងមានពលរដ្ឋខ្មែរប៉ុន្មាន នឹងចូលរួមគាំទ្រលើវិស័យសិល្បៈបុរាណប្រភេទនេះ។
លោក ភឿង កុម្ភៈ បុរសវ័យ ៤០ឆ្នាំ ប្លាយ ជាប្រធានសមាគមសិល្បករគោកធ្លក បានប្រាប់ថា៖
«តាមពិតទៅកាលពីឆ្នាំមុន (២០១៨) ក្រុមសមាគមសិល្បករគោកធ្លក ក៏ធ្លាប់បានសម្តែងនៅឯបរិវេណបណ្ណាល័យជាតិម្តងហើយ តែជាការសម្តែងនោះនៅពុំទាន់មានឆាក ឬរោងល្ខោនសមរម្យនៅឡើយ។ ឆ្នាំនេះ ក្រោយពីមានការសម្របសម្រួលជួយពីសំណាក់លោក ជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មក ក្រុមសមាគមសិល្បករគោកធ្លក ក៏មានការរៀបចំផែនការសម្តែងប្រចាំឆ្នាំតែម្តង បើទោះបីជាត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន មិនមានអ្នកចូលរួមជួយឧបត្ថម្ភ ឬ មិនមានស្គាល់បណ្តាញនៃក្រុមហ៊ុនស្ពន់ស័រនោះ»។
លោ ភឿង កុម្ភៈ បន្ត៖
«ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ នេះតទៅ នឹងមានការសម្តែងចំនួន ៣ ថ្ងៃ ក្នុងមួយសប្តាហ៍គឺថ្ងៃចន្ទ ពុធ និងសុក្រ ពេលវេលាដដែលគឺចាប់ពីម៉ោង ៦ និង ៣០ នាទីល្ងាច ដល់ ៧ និង ៣០ នាទី យប់ ដោយសម្តែងស្បែកតូច ២០ នាទី ស្បែកធំ ២០ នាទី និងយីកេ ២០ នាទី។ ខណៈចូលទស្សនាដោយសេរី តែក៏ត្រូវប្រាប់ពីវត្តមានជាមុនដែរ ព្រោះយើងខ្លាចអត់មានកៅអីគ្រប់គ្រាន់សម្រាប់ឲ្យអ្នកទស្សនាអង្គុយ ខណៈយើងមានកៅអីត្រឹមតែជាង១០០ កៅអី នោះ។ យើងក៏មានគម្រោងសម្តែងចំនួន ១០ រឿងក្នុងរយៈពេលមួយឆ្នាំផងដែរ ដោយយើងនឹងសម្តែងនូវដូចជា រឿងរាមកេរ្តិ៍ រឿងទិព្វសូដាចន្ទ រឿងសព្វសិទ្ធិ រឿងព្រះច័ន្ទគោរព បែបទម្រង់យីកេ និងការសម្តែងល្ខោនស្បែកមានដូចជារឿងអាប៉ក់អាប៉ែន រឿងគង់ហ៊ាន និងរឿងធនញ្ច័យ ជាដើម»។
កែសម្រួលដោយ៖ Baykdang