• តោះ! ចូលរួមកម្ម​វិធី​តន្ត្រី​អបអរសាទរ​ ទិវា​សិទ្ធិនារី ​ជាមួយ​ក្រុមតារា​ល្បីៗ ល្ងាចនេះនៅ​​ Phnom Penh Factory​

    ភ្នំពេញៈ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូរ​ស៊ុយ​អែត​​ប្រចាំនៅ​​ប្រទេស​កម្ពុជា​ ដែលជាអ្នក​ឧបត្ថម្ភ​ធំ​នៃ​កម្ម​វិធី​មួយ​នេះ​​​ដែរ​បាន​ឲ្យ​ដឹង​ថា៖ «ព្រឹត្តិ​ការណ៍​នេះ​ នឹង​រួម​បញ្ចូល​នូវ​ទី​ផ្សារ​ដ៏​ធំ​មួយ​ ដែល​មាន​បណ្តា​ក្រុម​ហ៊ុន​អាជីវកម្ម​​ជាង​៤០ ដោយ​​ក្នុងនោះ​​​មាន​ជាង​ពាក់​កណ្តាល​ កាន់​កាប់​ដោយស្រ្តី​ខ្មែរ​។

    កម្ម​វិធី​នេះ ក៏​មាន​ការ​សម្តែង​សិល្បៈ​ ការតាំង​ពិព័រ​ណ៍​​​សិល្បៈ​ សកម្ម​ភាព​គ្រួសារ​ អាហារ និង​កម្ម​វិធី​ជា​ច្រើន​ទៀត​ ដោយ​យើង​បាន​ដំណើរ​ចាប់​តាំង​ពី​ម៉ោង ៤ រសៀល បន្ត​ដល់​ម៉ោង ​៩ យប់។ ​ ដោយ​ឡែក​ចាប់​ពី​ម៉ោង ៦ ល្ងាច​ទៅ នឹង​មាន​ការ​ប្រគំ​តន្តី​ចាប់​ផ្តើម​ជាមួយ​នឹង​ការច្រៀង​ចម្រៀង​សម័យ​​បុរាណ​ដ៏​ល្បី​ល្បាញ​នា​សម័យ​កាល​​លោក​ស្រី រស់ សិរី​សុធា និង​លោក​ស្រី ប៉ែន រ៉ន មាន​ការ​សម្តែង​ក្បាច់​របាំ​របស​ក្រុម​របាំ​សហ​សម័យ​ NCA and OMG Girls Dance Crew ក្រុម​ចម្រៀង​ Vartey Ganiva Band ក្រុម​Smallword Smallband ក្រុម​ក្មេង​ខ្មែរ និង​ក្រុម​តារា​ចម្រៀងស្រី​ល្បីៗ​មាន​អ្នកនាង​ មាស សុខសោភា កញ្ញា អេដា កញ្ញា ឡូរ៉ា ម៉ម​ កញ្ញា សុខ ពិសី និង​ការ​បញ្ចប់​កម្ម​វិធី​ដោយឌីជេ រ៉ូស (DJ Rose)»។​

    អ្នកស្រី​ តេង សុផាន់ណា ប្រធាន​ធន​ធាន​មនុស្ស​នៃ​ក្រុម​ហ៊ុនស្មាត​​ឲ្យ​ដឹង​​​ថា៖ «​ខ្ញុំ​ពិតជា​ មានក្តី​រំភើប​ខ្លាំង​ណាស់​ ដែល​ឃើញ​​ព្រឹត្តិការណ៍​ដ៏៏​អស្ចារ្យ​នេះ​កើត​ឡើង​ ដែល​អាច​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្តូរ​ការគិត​ថា ស្រ្តី​មិន​អាច​ទៅណា​​ឆ្ងាយ​បាន​។ ព្រឹត្តិការណ៍​នេះ​​ នឹង​បង្កើតឲ្យ​មាន​ភាព​វិជ្ជ​មាន​​សម្រាប់​ស្រ្តី​ក្នុង​សង្គម​ មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​»។​

    ចំណែក​កញ្ញា ឡូរ៉ា ម៉ម ដែលជា​តារា​ចម្រៀង​ និង​ជា​នាយក​ប្រតិបត្តិ​នៃ​ផលិត​កម្ម​បារមី​ ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លួន​ដែរ​ថា៖ « នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ពិសេស​មួយ​ ដែល​ប្រារព្ធ​ឡើង​បង្ហាញ​ពី​កម្លាំង​ និង​អំណាច​របស់​ស្រ្តី​»។​​

    ខណៈ​លោក​ស្រី Pauline Tamesis ជា​អ្នក​សម្រប​សម្រួល​អង្គ​ការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា៖ «ការ​ប្រគំ​តន្រ្តី​នេះ គឺ​ជា​ចក្ខុ​វិស័យ​ដ៏​សំខាន់​មួយ​ ដើម្បីជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ និង​ធានា​ថា សិទ្ធិ និង​សម្លេង​របស់​ស្រ្តី​ និង​យុវតី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពេញ​លេញ។ យើង​ពិត​ជា​មាន​មោទនភាព​ណាស់ ដែល​បាន​ចូល​រួម​ប្រារព្ធ​ទិវាសិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២០១៩ ជាមួយ​នឹង​ក្រុម​ស្រ្តី​អ្នកនាំ​ដឹក​វ័យក្មេង​របស់​កម្ពុជា​»។​

    គួរ​បញ្ជាក់​ដែរ​ថា ការ​ប្រគំ​តន្រ្តី​អប​អរសាទរ​ទិវា​សិទ្ធិ​នារី​នេះ រៀបចំ​ដោយ​ផលិត​កម្ម​បារមី​ និង​The Sound Initiative ​សហ​ការជា​មួយ​ក្រុម​ហ៊ុន​ស្មាត​។ ខណៈ​ម្ចាស់​ជំនួយ​សប្បុរស​នានា​ ដែល​ចូល​រួម​នៅ​ក្នុង​ការ​រៀបចំ​កម្ម​វិធី​ប្រគំ​តន្រ្តី​នេះ​រួម​មាន​ស្ថាន​ទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា​ ក្រុម​បណ្តាញ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា (UNDP, OHCHR, WFP, UNFP,UNAIDS) ក្រុម​ហ៊ុន​Vivo ក្រុម​ហ៊ុន​Mekong Homes កិច្ច​សហ​ប្រតិបត្តការ និង​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្វីស​​ ស្ថានទូត​ចក្រភព​អង់គ្លេស​ ស្ថានទូត​អូស្រ្តាលី និង​ក្រុម​ហ៊ុន​តូយ៉ូតា​។​

    ចាប់​ពី​ម៉ោង ​៤ ​រសៀល ​ដល់​ម៉ោង​ ល្ងាច​ នៅ​​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ នឹង​មាន​ការ​ប្រគំ​តន្រ្តី​ដ៏​ធំ​មួយ​ មាន​​ការ​​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ ​ពី​សំណាក់​ក្រុម​សិល្បការិនី​ល្បីៗ​នៃ​ប្រទេស​កម្ពុជា មក​ពី​ចម្រុះ​ផលិត​កម្ម និង​អង្គភាព​នានា​ នៅ​​អគារ​វិចិត្រ​សាល​ Phnom Penh Factory ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន​ស្មាត​៕

    អត្ថបទដោយ៖ Piseth

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ