• អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ណែនាំឲ្យបញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ទូទាំង​ប្រទេស

    ភ្នំពេញ ​៖ លោក​សន្តិ​បណ្ឌិត ចាន់ គឹម​សេង អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​៤​ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តីណែនាំ​ស្តីពី បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​។​

    ​លោក អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានបញ្ជាក់​ថា ការបញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត ដោយ​អនុវត្ត​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ​។​



    ​ក្នុង​លិខិត​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ សូម​ធ្វើ​ការណែនាំ ដល់ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត ដូចខាងក្រោម​៖

    ១- បញ្ឈប់​ការប្រើប្រាស់ ប្រព័ន្ធ​ទូរស័ព្ទ ដែល​ដាក់​ឲ្យ​ជន​ជាប់​ឃុំ​ប្រើប្រាស់ ចាប់ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩ រហូតដល់​មាន​បទបញ្ជា​ថ្មី។​

    ២- បង្កើន​ការបង្កា​ទប់ស្កាត់ រាល់​ការ​លួចលាក់ នាំ​ទូរស័ព្ទ​ចល័ត ចូល​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ និង​ពង្រឹង​ការត្រួតពិនិត្យ ឆែកឆេរ ដកហូត​ទូរស័ព្ទ ក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​។​

    ៣- ករណី​រកឃើញ​ទូរស័ព្ទ ដែល​បម្រុង​នាំចូល ឬ​រក​ឃើញ​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ ត្រូវ​ធ្វើ​កំណត់ហេតុ ដកហូត​រក្សាទុក​។ ចំពោះ​ជន ដែល​ប្រព្រឹត្ត​បទល្មើស ត្រូវមាន​វិធានការ​តាម​ផ្លូវច្បាប់ ដូច​មានចែង ក្នុង​មាត្រា​៥៧១ និង​មាត្រា​៥៧២ នៃ​ក្រម​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា និង​ដាក់វិន័យ តាម​បទបញ្ជា​ផ្ទៃក្នុង​ពន្ធនាគារ​។​

    ៤- ត្រូវ​រាយការណ៍ អំពី​សភាពការណ៍ និង​លទ្ធផល នៃ​ការចាត់តាំង អនុវត្ត​សេចក្តីណែនាំ​នេះ តាមរយៈ​របាយការណ៍ ប្រចាំថ្ងៃ​មក​អគ្គនាយកដ្ឋាន​ពន្ធ​នា​គារ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ