មាត្រា ៩ នៃអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានចែកថា ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្តចំនួនទឹកប្រាក់ ៣០ ០០០ រៀល ចំពោះបទល្មើសបើកបរដោយគ្មានបណ្ណបើកបរ។
មាត្រាដដែល ក៏បានកំណត់លើការផាកពិន័យចំពោះអ្នកបើកបរអត់មានបណ្ណបើកបរ ប្រភេទយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៦០ ០០០ រៀល និង អ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១សែន២ម៉ឺន៥ពាន់រៀល។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែនេះ បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំវគ្គបណ្ដុះបណ្ដាលចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច និងមានរយៈពេល២ខែ គិតចាប់ពីថ្ងៃសៅរ៍ទី០២ មីនា ដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្ត ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយវគ្គបណ្ដុះបណ្ដាលអាចដាក់ពាក្យប្រឡងទ្រឹស្ដី និងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរយានយន្តប្រភេទ (ក) ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល២ខែនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងរឹតបន្តឹងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែងអធ្យាស្រ័យទៀតឡើយ៕
ប្រភព៖ Sabay