រជ្ជកាលរបស់ក្របខ័ណ្ឌ Real Madrid ក្នុងក្របខ័ណ្ឌអឺរ៉ុប បញ្ចប់ហើយ ហើយរដូវកាលរបស់ពួកគេគួរតែបញ្ចប់ផងដែរ ក្រោយពីពួកគេបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១ លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Ajax។
ក្នុងចន្លោះពេលត្រឹមតែ ៧ថ្ងៃ ក្រុម Real Madrid ធ្លាក់ចេញពីការប្រកួតដណ្តើមពាន Copa del Rey ការប្រជែងពានក្របខ័ណ្ឌ La Liga ហើយបច្ចុប្បន្ន ធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដែលជាយុទ្ធនាការមួយដែលពួកគេបានបង្កើតមានការជឿជាក់ថា គឺជាយុទ្ធនាការស្ថិតក្នុងការគ្រប់គ្រងរបស់ពួកគេ។ ពួកគេបានឈ្នះពាននេះ ៣លើកជាប់ៗគ្នា និង ៤លើកក្នុងរយៈពេល ៥រដូវកាលចុងក្រោយ ស្របពេលដែលលើកចុងក្រោយដែលក្រុម Real Madrid បានខកខានក្នុងការឈានទៅវគ្គ ៨ក្រុមចុងក្រោយ គឺក្នុងឆ្នាំ២០១០ ក្នុងឆ្នាំទី១ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅឯក្លិបនេះ។
Ronaldo បានសង្គ្រោះក្រុម Real Madrid កាលពីរដូវកាលមុន ក្នុងវគ្គ ៨ក្រុមចុងក្រោយ ហើយបន្ទាប់មក Gareth Bale បានជួយឲ្យពួកគេឈ្នះពាន ប៉ុន្តែតារាឆ្នើមព័រទុយហ្គាល់រូបនេះ បានចាកចេញពីក្លិប ហើយ Bale បានលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតកាលពីរាត្រីថ្ងៃអង្គារ ខណៈដែលរូបគេត្រូវបានមើលរំលងម្តងទៀតដោយលោក Santiago Solari។
លោក Solari បានដឹកនាំឲ្យក្រុម Real Madrid វិលទៅរកភាពខ្លាំងវិញ ក្រោយពីលោក Julen Lopetegui ត្រូវបានបណ្តេញចេញកាលពីខែវិច្ឆិកា ប៉ុន្តែ ក្រុមរបស់លោក ដែលដេញតាមពីក្រោយក្រុម Barcelona ១២ពិន្ទុលើតារាង La Liga បានមើលឃើញថា រដូវកាលរបស់ខ្លួនបានបញ្ចប់យ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍៕