ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែមីនានេះ រដ្ឋបាលភំ្នពេញបានចាត់អោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកជូនដល់បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោងដោយឥតគិតថ្លៃ ដើម្បីប្រឡងយកប័ណ្ណបើកបរ រៀងរាល់ថ្ងៃសៅរ៍ រយៈពេល ២ខែ ចាប់ពីថ្ងៃទី២ ខែមិនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៨ និង០០នាទីព្រឹក ដល់ម៉ោង ១៧ និង០០នាទីល្ងាច នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ដល់ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ គេសង្កេតឃើញមានបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ១៤៥នាក់បានចូលរួម! ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក មានបងប្អូនអ្នកបើកបរត្រីចក្រយានយន្តចំនួន ២៤នាក់ បានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ ជាលទ្ឋផលបានប្រឡងជាប់ត្រឹមចំនួន ១១នាក់តែប៉ុណ្ណោះ។ ជាចុងក្រោយខាងមន្ទីរក៏បាននែនាំអោយបងប្អូនដែលមិនបានជាប់ អោយបន្តសិក្សាស្វែងយល់បន្ថែមនូវសៀវភៅច្បាប់ចរាចរផ្លូវគោក និងឯកសារសំណួរ ចម្លើយដែលបានចែកជូន ដើម្បីចូលរួមប្រឡងយកប័ណ្ណបើកបរម្តងទៀត។
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ