• លោក ដូណាល់ ត្រាំ ថា «កូរ៉េខាងជើង​នឹងអាច​រីកចំរើនដូច​វៀតណាម​ដែរ បើលោក គីម ជុងអ៊ុន ព្រម​បោះចោល​នុយក្លេអ៊ែរ»

    (ហាណូយ)៖ ​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានបង្ហោះសារ​នាថ្ងៃពុធ​នេះថា ​កូរ៉េខាងជើង​នឹងមានឱកាស ទទួល​បាន​​ការរីកចម្រើន​ដូចជាប្រទេសវៀតណាម​ដែរ ប្រសិនបើលោក គីម ជុងអ៊ុន គោរពតាមពាក្យសន្យា​នៃការបោះបង់ចោល​​អាវុធ​​​នុយ​ក្លេអ៊ែរ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

    ការបង្ហោះសារ​នេះធ្វើឡើងនៅមុន​ពេលដែល លោក ដូណាល់ ត្រាំ ត្រូវជួបមុខគ្នា​បើកឆាកក្នុងជំនួប​កំពូលលើក​ទីពីរ ​នៅ​ក្រុង​ហាណូយ​នាល្ងាច​ថ្ងៃពុធនេះ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ លោក ត្រាំ បាន​និយាយដូច្នេះថា «ប្រទេស​​វៀតណាម​កំពុងតែរីកចម្រើន​ ដូចទៅ​នឹង​កន្លែង​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ​នៅលើផែនដី។ កូរ៉េខាងជើង​នឹងអាចដូចគ្នាហើយលឿន​​មែន​​ទែន​ ប្រសិនបើ​បោះបង់​ចោលនុយក្លេអ៊ែរ។ វាគឺជាសក្តានុពល​ និង​ឱកាសដ៏​កម្រ​អស្ចារ្យមួយ​សម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹង​ដឹងច្បាស់ក្នុងពេល​ឆាប់ៗនេះ​»។

    គួរជម្រាបថា ក្រោយមក​ដល់រដ្ឋធានី​ហាណូយ នៃប្រទេសវៀតណាម​កាលពី​យប់ថ្ងៃអង្គារ ​លោក ត្រាំ នឹងចាប់ផ្តើម​​បើកកិច្ច​ប្រជុំ​កំពូលលើកទីពីរ​របស់លោកជា​មួយលោក គីម នាល្ងាចថ្ងៃពុធនេះ តាមរយៈការជួប​សន្ទនាមួយទល់មួយ​​រយៈពេល​​ ២០នាទី និង​​ការទទួលទាន​អាហារជាមួយគ្នា​ ដែលមាន​រយៈពេល​ជាង ០១ម៉ោងកន្លះ ហើយមេដឹកនាំ​ទាំងពីរនឹងជួបគ្នា​ម្តងទៀត​នៅថ្ងៃ​ស្អែក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ