• កម្ពុជា បាននាំចេញចេកអំបូងលឿងជាង១ម៉ឺនតោន និងស្វាយកែវរមៀតជាង១ម៉ឺនតោន នៅឆ្នាំ២០១៨

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាបាននាំចេញចេកអំបូងលឿងជាង១ម៉ឺនតោន និងស្វាយកែរមៀតប្រមាណជាង១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ។ ដោយឡែកសម្រាប់ដំណាំស្រូវវិញ កម្ពុជាបានផលិតកស្រូវបាន១០.៨លានតោន ហើយបានធ្វើការនាំចេញអង្ករ ៦២៦ពាន់តោន។ នេះជាការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងវេទិកាសាធារណៈ ស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំឡើងនៅទីស្តីការក្រសួងថ្ងៃទី២៦ ខែកុម្ភៈនេះ។

    លោក វេង សាខុន បញ្ជាក់ថា ថ្មីៗនេះកម្ពុជាបាននាំចេញបន្លែស្រស់ ទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានជាង៣៣តោន ដែលនេះជាមោទនភាពនៃការសម្រេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងក្នុងការជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក ជំរុញការនាំចេញលើកកម្ពស់សក្តានុពល ក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុង និងក្រៅប្រទេស។

    លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបាន និងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការបង្កាត់ពូជសិប្បនិម្មិត ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់ លើកកម្ពស់ការនាំចេញ។

    ទោះជាយ៉ាងណា លោករដ្ឋមន្រ្តីក៏បានលើកយកបញ្ហាដែលវិស័យនេះ កំពុងជួបប្រទះដូចជា៖ ផលិតភាពនៅមានកម្រិតទាបទាំងបរិមាណ និងគុណភាព ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ យន្តការសម្រួលការនាំចេញនៅមិនទាន់មានភាពប្រទាក់ក្រឡា ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗទៅដល់កសិករ និងសហគមន៍ដែលនៅឆ្ងាយនៅមានកម្រិត កង្វះយន្តការផ្សារភ្ជាប់ទីផ្សារជាមួយនឹងផែនការដាំដុះ និងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់រឹងមាំ កង្វះយន្តការផ្តល់ព័ត៌មានទីផ្សារ កង្វះផែនការដាំដុះ ការកំណត់តំបន់ដាំដុះឱ្យត្រូវតាមសក្តានុពលដី កង្វះហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី ប្រព័ន្ធស្រោចស្រពនៅពុំទាន់បានគ្របដណ្តប់លើផ្ទៃដីដាំដុះ ការដាំដុះនៅមានការពឹងពាក់លើទឹកភ្លៀង។ល។ ភ្ជាប់ជាមួយបញ្ហាទាំងអស់នេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបាន និងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ជាបន្តបន្ទាប់ ជំហានៗជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍសហគមន៍ វិស័យឯកជន ហើយលោកស្នើសុំភាគីគ្រប់ពាក់ព័ន្ធបន្តសហការឲ្យបានពេញលេញ ចូលរួមរិះរកវិធានការ ឬមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនឡើងថែមទៀត។

    ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យ នៃវេទិកាសាធារណៈនេះ សមាជិកសមាជិកាបានចែលរំលែកបទពិសោធន៍ ចោទសួរផ្តល់ចម្លើយ និងសំណូមពរយ៉ាងក្បោះក្បាយទាក់ទងនឹងប្រធានបទទី១៖ ការនាំចូលគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មជាប់ពន្ធ ទី២៖ បញ្ហារោងសម្ងួតគ្រាប់ធញ្ញជាតិ និងបញ្ហាតម្លៃអគ្គីសនី ទី៣៖ ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទី៤៖ បញ្ហាបែបបទនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសការចេញវិញ្ញាបណ្ណបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ទី៥៖ វិធានការការពារគុណភាពដី ទី៦៖ ច្បាប់ស្តីពីព្រៃឈើ ការធ្វើអាជីវកម្ម និងការដាំឈើឧស្សាហកម្ម ទី៧៖ វិស័យផលិតកម្មសត្វ សុខភាពសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វិច ទី៨៖ វិស័យជនផល វារីវប្បកម្ម បទល្មើសនេសាទ និងវិធានការ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ