• ខណៈកម្ពុជាកំពុងរងចាំ ថៃជិតបានប្រើប្រពន្ធ 5G ហើយ ក្រោយ Huawei ឲ្យ ៥ លាន​ដុល្លារដើម្បីសាកល្បង!

    កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ២៤ ខែ​កុម្ភៈ ប្រធាន​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន Huawei មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​អំពី​កម្មវិធី​ MWC 2019 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ទីក្រុង​​ Barcelona ថា ​បច្ចេកវិទ្យា​ 5G នឹង​នាំ​មក​នូវ​ឱកាស​ឧស្សាហកម្ម​ចំនួន​ ១,២​ ​ពាន់​លាន​ដុល្លារ​មក​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ខាង​មុខ​ទៀត។

    លោក James Wu ប្រធាន​ក្រុមហ៊ុន Huawei ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ថ្លែង​ថា ៖ «អាស៊ីអគ្នេយ៍​នឹង​រីក​លូតលាស់​ខ្លាំង និង​មាន​ភាព​លេចធ្លោ ដោយ​មាន​កំណើន​ GDP ខ្ពស់​បំផុត​ក្នុង​រង្វង់ ៥% ទៅ ៦% ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ​ទៀត ហើយ​សេដ្ឋកិច្ច​ឌីជីថល នឹង​ក្លាយ​ជា​កត្តា​ជំរុញ​ដ៏​ចម្បង​នៅ​ពី​ក្រោយ​សន្ទុះ​នៃ​ការ​រីក​ចម្រើន​នេះ»។

    លោក Wu បាន​ព្យាករណ៍​ថា ការ​ប្រើប្រាស់​ដ៏​មហិមា​នៃ​បច្ចេកវិទ្យា 5G នៅ​លើ​ទីផ្សារ​ជា​ច្រើន​ដែល​មាន​ដូចជា​ប្រទេស​ឥណ្ឌា ថៃ និង​វៀតណាម​ជា​ដើម​នឹង​ចាប់​ផ្ដើម​នា​ដើម​ឆ្នាំ ២០២០ ខាង​មុខ​នេះ ។ លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន Huawei បាន​វិនិយោគ​ ៥ លាន​ដុល្លារ​សម្រាប់​ការ​សាកល្បង​បច្ចេកវិទ្យា 5G នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ឧបករណ៍ 5G ដែល​ត្រៀម​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​សាកល្បង​ជា​ផ្លូវការ​នេះ​ក៏​បាន​មក​ដល់​ប្រទេស​ថៃ​រួចរាល់​ហើយ​ដែរ។

    ប្រធាន​​រូប​នេះ​បាន​​​​បន្ត​ទៀត​ថា​​ ក្រុមហ៊ុន Huawei ដែល​​​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ពិភពលោក​នៃ​បច្ចេកវិទ្យា 5G នឹង​ជួយ​ដល់​ប្រតិបត្តិ​ករ​ទាំងអស់​នៅ​ក្នុង​តំបន់​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​សុបិន 5G របស់​ពួក​គេ។ Huawei ក៏​នឹង​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា​ 5G, អ៊ីនធឺណិត, Cloud, AI និង​ឧបករណ៍​ឆ្លាត​វៃ​ជា​ច្រើន​ទៀត​​ ដើម្បី​ជួយ​អតិថិជន​​ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ច្រើន​បំផុត​ពី​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​នេះ។

    Huawei ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៧​ នៅ​ប្រទេស​ចិន ហើយ​បាន​ពង្រីក​ខ្លួន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ឧបករណ៍​ទូរគមនាគមន៍​ធំ​ជាង​គេ​របស់​ពិភពលោក និង​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​លំដាប់​ទី ២ នៅ​លើ​ពិភពលោក។ នៅ​ឆ្នាំ ២០១៨​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ខ្ពស់​បំផុត​គឺ​ ១០៨,៥ ពាន់​លាន​ដុល្លារ​ពោល​គឺ​កើន​ឡើង២១% ធៀប​នឹង​ឆ្នាំ​មុន។ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​កំណើន​ខ្ពស់​ផង​ដែរ។ ក្នុង​ឆ្នាំ ២០១៨​ អាជីវកម្ម​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​ ៤២% នៅ​ក្នុង​តំបន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ