• យុវជន​ជាង​ ៣០០​នាក់ ដែល​ចាប់​ចេញពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ត្រូវបាន​ដោះលែងវិញ​ហើយ ជាមួយ​កិច្ចសន្យាឈប់​​មាន​លើក​ក្រោយ​ទៀត

    ភ្នំពេញ​៖ យុវជន​ជាង​ ៣០០​នាក់ ដែល​ចាប់​ចេញពី​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ យកទៅ​ធ្វើតេស្ត​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​ញៀន ត្រូវបាន​ដោះលែង​ហើយ និង​ឲ្យ​ឪពុកម្ដាយ យក​កូន​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​ឈប់​​មាន​លើក​ក្រោយ​ទៀត បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន និង​មាន​សេរីភាព​វិញ​។​

    ​បើតាម​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Chet July បាន​សរសេរ កាលពី​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​នេះ​ថា “​យប់​នេះ​ជា​ដំណឹង​ល្អ​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ជា​អគ្គ​ស្នងការរង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​មានចិត្ត​អាណិត បាន​ឲ្យ​ឪពុកម្ដាយ យក​កូន​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​ឈប់​មាន​មាន​លើក​ក្រោយ​ទៀត បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន និង​មាន​សេរីភាព​វិញ អបអរសាទ​។ ប្អូនៗ​មាន​សេរីភាព ជួបជុំ​គ្រួសារ​វិញ​។ តែ​អ្នក​ចែកចាយ អ្នក​រក្សាទុក​គ្រឿងញៀន ជា​រឿង​ផ្សេង មានទោស និង​មុខ​ច្បាប់​”​។​

    ​ឧត្ដមសេនីយ៍ឯក ស ថេត បាន​ថ្លែងថា ការធ្វើ​តេស​ទឹកនោម​រកសារ​ធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅលើ​យុវជន​យុវនារី​ជាង​៣០០​នាក់ កំពុងតែ​ដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន សុទ្ធតែ​រកឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។ ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត បាន​សរុបទៅ​មិនតិចជាង​៥០​គីឡូក្រាម​ឡើយ ក្នុងនោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក ៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឺ​ង​គ្រឿងញៀន ១២ និង​កាំភ្លើងខ្លី​១​ដើម​។​

    ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ត្រូវគេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់ ឧកញ៉ា​គិត​ធាង បង​ឧកញ៉ា​គិត​ម៉េង ជា​សេដ្ឋី​លេចធ្លោ​ប្រចាំ​ស្រុក​ខ្មែរ ។ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ត្រូវ​សមត្ថកិច្ច​ចុះ ចាប់​បង្ក្រាប​គ្រឿងញៀន ជាច្រើនលើក​មកហើយ ហើយ ឧកញ៉ា​រូបនេះ ធ្លាប់​បានធ្វើ​កិច្ចសន្យា ចំពោះមុខ​ច្បាប់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការផលិត ជួញដូរ ចែកចាយ​គ្រឿងញៀន ក្នុង​កន្លែង​អាជីវកម្ម របស់ខ្លួន​ឡើយ ប្រសិន​ជាមាន​ឧកញ៉ា​រូបនេះ សុខចិត្ត​ឲ្យ​បិទ​អាជីវកម្ម​របស់ខ្លួន ។​

    ​គេ​រង់ចាំ​មើលថា​ចំណាត់ការ របស់​តុលារ​ក្រុងភ្នំពេញ ហ៊ាន​បញ្ចេញ​អំណាច ពិត​ចាប់​ម្ចាស់​រ៉ា​ក់ យកមក​ផ្តន្ទាទោស​តាមច្បាប់​ដែរឬទេ​?

    បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក William Guang បានសរសេរថា ក្នុងនាម​ខ្ញុំ ជា​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ខ្ញុំ​និង​រង់ចាំ​តាមដាន ការអនុវត្តន៍​ច្បាប់ របស់​អាជ្ញាធរ​ពាក់ព័ន្ធ ចំពោះ​ករណីនេះ ថា​តើ ច្បាប់​នឹង​ចាត់វិធានការ បែបណា ចំពោះ​លោក ឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល Rock ជា​តំបន់​សំបុក​គ្រឿងញៀន យ៉ាង​ធំ ដែល​សមត្ថកិច្ច​ទើប​បង្ក្រាបបាន ជាក់ស្ដែង ចាប់បាន​ជន​ពាក់ព័ន្ធ ជាង​៣០០​នាក់ និង​រឹបអូស​គ្រឿងញៀន រាប់សិប​គីឡូ ។​

    មហាជន បញ្ចេញមតិ​ថា យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ សូម​ស្នើ​ទៅ​អាជ្ញាធរ និង ថ្នាក់ដឹកនាំ មេត្តា​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក នេះ​ចោល​តែម្ដង​ដើម្បី​សង្គ្រោះ យុវជន យុវតី ខ្មែរ​ដែល​កំពុង​ងប់ងុល​នឹង​ទីតាំង​ខាងលើ រហូត​បោះបង់​ការសិក្សា និង ក្រុមគ្រួសារ ។ ជាព​ជាពិសេស​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ មាន​ទីតាំង​ស្ថិត​នៅជាប់​វិទ្យាល័យ​បឹងត្របែក និង សាលា​ច្បាប់ ដែល​ងាយ​នឹង​អូសទាញ​យុវជន​អោយគេ​ចវេះ​ការសិក្សា​ផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ