• សៀមរាប៖ បរិមាណ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត កំពុង​ប្រឈម​នឹង​ការខ្វះខាត​ខ្លាំង​នា​រដូវប្រាំង​ខាងមុខនេះ

    សៀមរាប ​៖ យោង​លើ​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ការអង្កេត​ជាប្រចាំ​ឃើញថា បរិមាណ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ក្រុង​អង្គរធំ បារាយណ៍​ខាងជើង កំពុង​ប្រឈម​នឹង​ការខ្វះខាត​ខ្លាំង​នា​រដូវប្រាំង​ខាងមុខ​។ នេះ​បើ​តាម​ការផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ ។​

    ​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បានឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការខ្វះខាត​ទឹក​ដើម្បី​បញ្ជូល​ក្នុងក​សិន្ធុ​ប្រាសាទអង្គរវត្ត ក្រុង​អង្គរធំ និង​បារាយណ៍​ខាងជើង​នេះ គឺ​ដោយសារ​នាយដ្ឋាន​ទឹក​បាន​បើកទ្វារ​ទឹក ដើម្បី​បញ្ជូ​លទឹក​ទៅ​ស្ទឹង​ព្រះ​ស្រុក​សម្រាប់​ស្រោចស្រព​ស្រែ ប្រជាពលរដ្ឋ​ចំនួន​៣០០​ហិច​តា​ចំនួន​ពីរលើក គឺ​លើក​ទី​១​រយៈពេល​ពីរ​សប្តាហ៍ និង​លើក​ទី​២​រយៈពេល​មួយ​សប្តាហ៍ ចេញពី​ប្រឡាយ​ស្តុក​ទឹក​បម្រុង​សម្រាប់ បញ្ជូលទៅ​ក្នុង​បារាយណ៍​ខាងជើង ក​សិន្ធុ​ក្រុង​អង្គរធំ ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន​ប្រឡាយ​ស្តុក​ទឹក​បម្រុង​ក៏​ពុំ​មាន​ទឹក​ទេ ដោយសារ​បរិមាណ​ទឹក​ស្ទឹង​សៀមរាប ដែល​ហូរ​ពី​ភ្នំ​គូលែន​តិចតួច​ពេក ហើយ ក្រុម​ការងារ​ក៏​បាន​ចែក​ទឹក​មួយ​ផ្នែក មក​ក្រុង​សៀមរាប​ផងដែរ​។​

    ​លោក​បញ្ជាក់ថា បើ​ធៀប​នឹង​ឆ្នាំ​មុន កម្ពស់​ទឹក​បច្ចុប្បន្ន​នៅ​បារាយណ៍​ខាងជើង​មាន​កម្រិត​ទាប​ជាង​ ០,៨​ម៉ែត្រ (​ប្រហែលជា​២,៦​លាន​ម៉ែត្រគូប​) ក​សិន្ធុ​ក្រុង​អង្គរធំ​ទាប​ជាង​០,៩៣​ម៉ែត្រ (៦៥​ម៉ឺន​ម៉ែត្រគូប​) និង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ទាប​ជាង​០,៤​ម៉ែត្រ (៣៨​ម៉ឺន​ម៉ែត្រគូប​)​។ ជា​សរុប​យើង​បាន​បាត់បង់​ទឹក​ប្រហែលជា​៣,៦៣​លាន​ម៉ែត្រគូប ដែល​នេះ​ជា​ចំណុច​ក្រុមការងារ​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការរក្សា​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ទាំងនេះ​។ ទោះជា​យ៉ាងណា ការគ្រប់គ្រង​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​ពុំ​មាន​បញ្ហា​ឡើយ​។​

    ​ពេល​នេះ​ក្រុមការងារ​កំពុង​មមាញឹក ក្នុងការ​ស្តារ​ប្រឡាយ​និង​បិទទ្វារ​ទឹក ពី​ស្ទឹង​សៀមរាប​ដើម្បី​បញ្ជូ​លទឹក​ទៅក្នុងក​សិន្ធុ​ក្រុង​អង្គរធំ ប្រាសាទអង្គរវត្ត ជៀសវាង​រីងស្ងួត នាពេល​ខាងមុខនេ​។ ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល បាន​បិទ​ទំនប់​កាត់​ប្រឡាយ​ស្ទាក់​ទឹក សម្រាប់​ទុក​ប្រើប្រាស់ សូម​បើក​ឡើង​វិញ ដើម្បី​កុំឱ្យ​មាន​ការលំបាក​ដល់​ការ​បញ្ជូ​លទឹក ទៅក្នុង​ក​សិន្ធុ​ប្រាសាទ​នៅ​ក្នុង​តំបន់​អង្គរ​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ