• តោះជួយស៊ែតគ្នា ដើម្បីឲ្យដឹងពីប្រវត្តិ រឿងរ៉ាវ ឈ្មោះ ឃុំ «ឆក់ឈើនាង» ក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល

    (ភ្នំពេញ)៖ នៅក្នុងសង្គមខ្មែរនិយាយពីការដាក់ឈ្មោះភូមិ ឃុំ ស្រុក ខេត្ដ គឺសុទ្ធតែសាវតារក្នុងការដាក់ឈ្មោះ ឬហៅឈ្មោះ ដែលអាចធ្វើឲ្យយើងអាចបកស្រាយ ឬស្វែងយល់អំពីរឿងរ៉ាវទំាងនេះបាន។ ពីព្រោះថា ចំពោះរឿងរ៉ាវសាវតារភូមិសាស្រ្ដប្រវត្ដិនៃឈ្មោះភូមិ ឃុំ ស្រុក ខេត្ដនីមួយៗទំាងនេះគឺមានសារៈសំខាន់ដើម្បីឲ្យកូនខ្មែរគ្រប់ៗរូប ក៏ដូចជាពិភពលោកបានដឹង ស្គាល់យ៉ាងច្បាស់ថាទឹកដីទីនេះ ឬទីនោះជារបស់ខ្មែរ។

    ជាក់ស្ដែងដូចជាឈ្មោះឃុំមួយ ក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល ដែលធ្វើយើងចាប់អារម្មណ៍នោះ គឺឃុំ «ឆក់ឈើនាង» ។

    ហេតុអ្វីបានជាហៅឈ្មោះឆក់ឈើនាង?

    អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយការហៅឈ្មោះក្នុងឃុំមួយ ស្ថិតនៅក្នុងស្រុកស្នួល ខេត្ដកណ្ដាល ដែលមានឈ្មោះថា «ឆក់ឈើនាង» ដូចដែលយើងតែងចាប់អារម្មណ៍នេះ។ បើនិយាយពីសាវតារតំបន់នេះ កាលដើមទ្បើយមានមេទ័ពស្រីម្នាក់បានលើកទ័ព ចេញប្រយុទ្ធជាមួយសៀម បន្ទាប់មកនាងក៏គេចខ្លួន មកតាមច្រកតំបន់នេះហៅថា «ច្រកនាង» ពីព្រោះជាផ្លូវនាងគេចខ្លួន។ តែមកដល់តំបន់នេះ គឺនាងក៏មានភ័ព្វសំណាងដោយមានដើមឈើម្យ៉ាងឈ្មោះថា «ឈើនាង» ហើយនាងក៏បានយកដើមឈើនេះ មកឆ្នៃជាអាវុធដើម្បីប្រយុទ្ធជាមួយសត្រូវបន្ដទៀត។

    ប៉ុន្ដែក្នុងការប្រយុទ្ធគ្នាជាមួយសត្រូវនោះ ដោយនាងជាស្រ្ដីហាក់មានការទន់ដៃ គឺរំពេចនោះស្រាប់តែមានបុរសម្នាក់ដោយមានសេចក្ដីស្នេហាចំពោះនាងផងនោះ ក៏ហក់មកឆក់ដំបងពីនាង ហើយក៏ប្រយុទ្ធជាមួយពួកសៀមឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ ដោយធ្វើឲ្យកងទ័ពក្រោមបញ្ជារបស់នាងមានការសប្បាយរីករាយយ៉ាងខ្លំាង។ ដោយហេតុនេះហើយ ទើបតំបន់នេះគេហៅថា «ឆក់ឈើនាង» រហូតដល់ដល់សព្វថ្ងៃនេះ។

    លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះបើនិយាយពីឈ្មោះតំបន់នេះ ហាក់មានលក្ខណៈពិសេស ពីព្រោះដើមឈើឈ្មោះ «ឈើនាង» រីឯមេទ័ពជាស្រី «នាង» ទៀត។ ចំពោះដើមឈើនាងនេះទៀតសោត គឺជាប្រភេទដើមឈើមានរាងកំពោជកំពក មិនមូលល្អទេ ស្លឹកល្អិតៗ របៀបផ្កាសារិកាកែវ។ បច្ចុប្បន្នដើមឈើនេះស្ទើរតែផុតពូជហើយ គឺមានសល់តែពីរដើមប៉ុណ្ណោះ។
    ក្នុងនោះ១ដើមស្ថិតនៅខាងលិចវត្ដឆក់ឈើនាង និង១ដើមទៀតមានទំហំយ៉ាងធំមានអាយុរាប់រយឆ្នាំ ស្ថិតនៅម្ដុំខាងកើតវត្ដឆក់ឈើនាង ខាងត្បូងភ្លឺស្រែម៉ឺនរាជនេះឯង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ