• សាលាក្រុង បាននិយាយថា ការកកស្ទះចរាចរសព្វថ្ងៃ ដោយសារពលរដ្ឋជាច្រើន មិនប្រើប្រាស់ សេវាឡានក្រុងសាធារណៈ

    សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបាននិយាយថាការកកស្ទះចរាចរណ៍នៅក្នុងរាជធានី នៅតែជាបញ្ហាចម្បងដោយសារពលរដ្ឋជាច្រើន មិនប្រើប្រាស់សេវាឡានក្រុងសាធារណះ។

    លោក នួន ផារ៉ាត អភិបាលរងបានប្រាប់អោយដឹងថាកំណើនប្រជាជន បានធ្វើអោយមានយានជំនិះជាច្រើនទៀតនៅតាមដងផ្លូវដោយកត់សម្គាល់ថាមានប្រជាជន ៣ លាននាក់រស់នៅក្នុងរាជធានីភ្នំពេញ, រថយន្តមាន ៥០០,០០០ គ្រឿងហើយម៉ូតូនិងត្រីចក្រយានយន្ត ១,៧ លានគ្រឿង។

    លោកបាននិយាយថា “យើងកំពុងប្រឈមមុខនឹងការកកស្ទះនៅតាមផ្លូវសាធារណៈ ពីព្រោះមនុស្សកំពុងប្រើប្រាស់យានយន្តផ្ទាល់ខ្លួនដូចជាឡាននិងម៉ូតូហើយមនុស្សជាច្រើនមិនគោរពច្បាប់ចរាចរ” លោកក៏បានបន្ថែមថា “ខណះពេលដែលភ្នំពេញមានការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចយ៉ាងល្អនិងឆាប់រហ័ស វាក៏នាំមកនូវបញ្ហាចរាចរដូចជាការកកស្ទះផងដែរ”។

    លោកបានមានប្រសាសន៍ថាសាលាក្រុងនៅតែត្រូវការការគាំទ្រជាបន្តពីដៃគូអភិវឌ្ឍន៍ រួមទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរដើម្បីស្វែងរកវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាស្ទះចរាចរណ៍។ ហើយសាធារណះជនក៏គួរតែធ្វើការរួមគ្នានិងសហការជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ។ យ៉ាងណាក៏មានកំណត់សម្គាល់ថារដ្ឋាភិបាលក៏គ្រោងនឹងបង្កើតប្រព័ន្ធផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និងប្រព័ន្ធផ្លូវរថភ្លើងអាកាសនៅក្នុងទីក្រុងនាពេលអនាគត ដែលគម្រោងទាំងអស់នោះកំពុងស្ថិតនៅក្រោមការសិក្សាហើយការចំណាយទៅលើគម្រោងទាំងនោះនៅមិនទាន់បានបញ្ចេញនៅឡើយទេ។

    លោក ជូ គីមទ្រី អនុប្រធាននាយកដ្ឋានកិច្ចការសាធារណះនិងដឹកជញ្ជូនបាននិយាយថា លោកយល់ស្របជាមួយលោកផារ៉ាត ដោយលោកបានកត់សម្គាល់ឃើញថាការកកស្ទះចរាចរគឺបណ្ដាលមកពីការកើនឡើងចំនួនប្រជាជនដែលបណ្ដាលអោយមានរថយន្តជាច្រើនទៀតនៅលើដងផ្លូវ។

    លោកបន្ថែមថា “យើងប្រឈមនឹងបញ្ហាជាច្រើនក្នុងការកែលំអលំហូរចរាចរណ៍នៅក្នុងទីក្រុង” “ចំនួនយានយន្តកំពុងកើនឡើងប៉ុន្តែការអភិវឌ្ឍបណ្ដាញផ្លូវថ្នល់នៅតែមានកម្រិត ការគ្រប់គ្រងចរាចរណ៍មានភាពខ្វះខាត ហើយការចតរថយន្តគឺជាបញ្ហាចម្បង”

    ចំនួនម៉ូតូនិងយានយន្តបានកើនឡើងប្រមាណជា ១២% និង ១៣,៥% រៀងរាល់ឆ្នាំដែលជាហេតុផលនៃការកកស្ទះ មធ្យោបាយមួយដើម្បីកាត់បន្ថយចំនួនយានយន្តនៅក្នុងទីក្រុងគឺត្រូវលើកទឹកចិត្តអោយប្រជាជនប្រើប្រាស់ការដឹកជញ្ជូនតាមឡានក្រុងសាធារណៈ៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ hmertimeskh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ