• ឪពុកទ្រាំ៥ឆ្នាំហើយ ដែលកូនប្រុសជេរ ដៀល ប្រមាថ បង្កហឹង្សា មកលើគ្រួសារ តែលើកនេះឈប់គិតរឿងបុណ្យបាប វាយសម្លាប់ចោល

    កណ្តាល ៖ វិប្បដិសេរីកើតមានក្នុងគ្រួសារ និងជីវិតផ្ទាល់ខ្លួន អស់រយៈពេល៥ឆ្នាំឪពុកម្តាយរងកម្មដោយសារការជេរ ដៀល ប្រមាថ បង្កហឹង្សា ពីសំណាក់កូនប្រុស ទីបំផុតការអត់ធ្មត់ ស៊ូទ្រាំលែងបាន បន្ទាប់ពីលោកកូន ជេរប្រមាថ វាយទៅលើឪពុក មិនអស់ចិត្ត ចូលដេកចំទាល ជេរក្តែងៗ រហូតដេកជេរទៀត ឪពុកដាច់ចិត្តប្រដាប់ដោយដែក ឈើ លើកដៃ វាយទៅលើកូនវិញ រហូតដល់ស្លាប់ លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ភ្ញាក់ផ្អើល ឆោឡោ ពេញភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប៉ូលិសចុះទៅឃាត់ខ្លួនឪពុក ។

    កូនអកតញ្ញូ ក្លាយជាជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ ឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ មានប្រពន្ធកូន០២នាក់ស្រី ហើយតែបានលែងលះគ្នា ជាង២ឆ្នាំមកហើយ ដោយសារបុរសរូបនេះ កាចសាហាវ ប្រើអំពើហឹង្សា លើប្រពន្ធ ឪពុកម្តាយញឹកញាប់ ។ ចំណែកឪពុកអ្នកមានគុណ ក្លាយជាឃាតករមួយពព្រិចភ្នែក ឈ្មោះ ផង់ ជាង អាយុ៦៨ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិ ឃុំខាងលើ ត្រូវបានប៉ូលិសចាប់ខ្លួន៣ម៉ោងក្រោយកើតហេតុ ។

    តាមសមត្ថកិច្ច មិនខុសពីអ្នកស្រុក អ្នកភូមិ បានឲ្យដឹងថា កូនប្រុសអកតញ្ញូ ជាជនរងគ្រោះខាងលើ ធ្វើបាប ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ទៅលើប្រពន្ធ ឪពុកម្តាយខ្លួនឯង ប្រមាថមើលងាយអ្នកមានគុណ វាយដំ ឪពុកម្តាយ អ្នកមានគុណ ដូចទាសករ រហូតប្រពន្ធទ្រាំងលែងបាន សុំលែងលះ រត់ចុះចេញបាត់ទៅ ចំណែកម្តាយបង្កើត ទ្រាំលែងបាន រងទារុណកម្ម ពីសំណាក់កូនរូបនេះលែងបាន ក៏ចាកចេញទៅស្នាក់នៅផ្ទះសាច់ញាតិ ខ្លាចកូនវាយសម្លាប់ ។

    ប្រភពបន្តទៀតថា មកដល់ល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ឪពុកជាជនដៃដល់ វិលមកពីហូបការគេវិញ ចូលដេកសម្សាក បន្ទប់ក្រោមផ្ទះ ចំណែកកូនប្រុស ខាងលើ វិលមកហូបការគេដែរ ចូលដល់ផ្ទះ ស្រែកជេរ ប្រមាថឪពុកដូចសត្វធាតុ ទោះជាឪពុកខំលួងលោមយ៉ាងណាក៏មិនស្តាប់ កាន់តែបានចិត្ត ស្រែកចំទាលជេរ ថែមទាំងដេញវាយឪពុកដូចសត្វ រត់គេចរួច កូនប្រុសខាងលើ ទៅដេកលើអង្រឹង បន្តស្រែកជេរ ឪពុករហូត ដោយអត់ទ្រាំលែងបាន ៥ឆ្នាំមកហើយ រងកម្មដោយសារកូនប្រុសរូបនេះ ឈប់គិតពីរឿងបុណ្យបាប គិតមកដល់ពីផ្លូវច្បាប់ ដាច់ចិត្ត ប្រដាប់ដោយដែក ដំបង វាយសំពងកូនប្រុស រហូតដល់ស្ងាត់មាត់ លែងឮជេរ រហូតចូលដេកសម្រាកបាត់ លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ នេះទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ ស្រាវជ្រាវ ជាក់ស្តែង ៣ម៉ោងក្រោយ ទើបរកឃើញ ឪពុកក្លាយជាឃាតករ សម្លាប់កូនខ្លួនឯង ក៏ដោយសារ ការអត់ធ្មត់ ស៊ូទ្រាំ នូវទង្វើររបស់កូនប្រុសរូបនេះលែងបាន ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ